កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉ខាងត្បូងបានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ថា យ៉ាងហោចណាស់មនុស្ស ១៧នាក់ បានស្លាប់ដោយសាររលកកម្ដៅ កាលពីចុងសប្តាហ៍ ដោយអ្នកស្លាប់ទាំងនោះ ភាគច្រើនជាកសិករវ័យចំណាស់ ដែលធ្វើការនៅខាងក្រៅ ក្រោមកម្ដៅថ្ងៃក្ដៅខ្លាំង។
ចាប់តាំងពីមានការជូនដំណឹងអំពីរលកកម្ដៅដំបូងនៃរដូវនេះ បានចូលជាធរមាន នៅពាក់កណ្តាលខែមិថុនា ប្រទេសកូរ៉េខាងត្បូង បានជួបប្រទះនឹងការឡើងកម្ដៅខ្លាំង ដោយការឡើងខ្ពស់ខ្លាំង នាពេលថ្មីៗនេះប្រហែល ៣៥អង្សាសេ ក្នុងតំបន់ជាច្រើននៃប្រទេស។
យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺ និងពីអាជ្ញាធរពន្លត់អគ្គីភ័យទូទាំងប្រទេសរបស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១៧នាក់ បានស្លាប់ ដោយសាររលកកម្ដៅកាលពីចុងសប្តាហ៍ ក្នុងនោះភាគ Gyeongsang ខាងជើង រងការវាយប្រហារធ្ងន់ធ្ងរជាងគេបំផុត ដោយកសិករវ័យចំណាស់ ៧នាក់ បានបាត់បង់ជីវិត។
ហើយជាមួយគ្នានេះ អាជ្ញាធរបានឲ្យដឹងបន្ថែមថា ជនរងគ្រោះទាំងអស់មានសីតុណ្ហភាព ក្នុងរាងកាយខ្ពស់ នៅពេលពួកគេត្រូវបានរកឃើញ៕
