ប្រណាំងកង់៖ អតីតជើងឯក Tour de France កីឡាករកូឡុំប៊ី Egan Bernal បានបន្ត និងពន្លាតការនាំមុខនៅការប្រកួតប្រណាំងកង់ព្រឹត្តិការណ៍ Grand Tour, Giro d’Italia ក្រោយបញ្ចប់ដំណាក់កាលទី ១១ ថ្ងៃពុធម្សិលមិញ។

ដំណាក់កាលទី ១១ ដែលមានចម្ងាយផ្លូវ ១៦២គីឡូម៉ែត្រ កីឡាករស្វ៊ីស Mauro Schmid របស់ក្រុម Qhubeka Assos គឺជាអ្នកឈ្នះដោយមកដល់ទីព្រ័ត្រមុនគេចំណាយពេល ៤ម៉ោង ១នាទី ៥វិនាទី តាមពីក្រោយដោយកីឡាករម្ចាស់ផ្ទះអ៊ីតាលី Alessandro Covi របស់ក្រុម UAE Team Emirate យឺតជាង ១វិនាទី និងលេខ៣ កីឡាករប៊ែលហ្ស៊ិក Harm Vanhouke របស់ក្រុម Lotto Soudal យឺតជាង ២៦វិនាទី។
យ៉ាងណាក្តី Egan Bernal ថ្វីបើបញ្ចប់ដំណាក់កាលទី ១១ នេះនៅចំណាត់ថ្នាក់លេខ ១១ ក្តីកីឡាកររបស់ក្រុម Ineos Grenadiers រូបនេះបានពន្លាតការនាំមុខក្នុងតារាងរួមឡើងដល់ ៤៥វិនាទីពីលើកីឡាកររុស្ស៊ី Aleksandr Vlasov របស់ក្រុម Astana និង ១នាទី ២វិនាទីពីលើកីឡាករអ៊ីតាលី Damiano Caruso របស់ក្រុម Bahrain។ ដោយឡែកដំណាក់កាលទី ១២ ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ២១២គីឡូម៉ែត្រពី Siena ឆ្ពោះទៅ Bagno di Romagna ដោយឆ្លងកាត់តំបន់ភ្នំតូចៗ៕
អត្ថបទ៖នាង សុភាវុធ