ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិក លោក អានដ្រេស ម៉ានុអែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) កាលពីថ្ងៃចន្ទ បានអំពាវនាវឲ្យបញ្ចប់សង្គ្រាម «មិនសមហេតុផល»នៅអ៊ុយក្រែន ដោយជំរុញឲ្យមានកិច្ចចរចាសន្តិភាព នាពេលខាងមុខនៅមជ្ឈិមបូព៌ារួមបញ្ចូលតំណាងមកពីប្រទេសអ៊ុយក្រែន និង រុស្ស៊ី។
លោក ឡូប៉េស អូប្រាឌ័រ បាននិយាយថា ប្រទេសម៉ិកស៊ិក នឹងចូលរួមតែក្នុងកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេរាយការណ៍ថា នឹងធ្វើឡើងនៅចុងសប្តាហ៍ខាងមុខនេះ ប្រសិនបើភាគីទាំងពីរ មានវត្តមាន។
លោកប្រធានាធិបតី បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា៖«ប្រសិនបើមានការទទួលយកពីអ៊ុយក្រែន និងរុស្ស៊ី ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីសម្រេចបានសន្តិភាព យើងនឹងចូលរួម»។
លោកឡូប៉េស អូប្រាឌ័រ បានបន្ថែមថា៖«យើងមិនចង់ឲ្យសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បន្តនោះទេ វាជារឿងមិនសមហេតុផលណាស់» ដោយកត់សម្គាល់ថា ជម្លោះបានបណ្តាលឲ្យមានការឈឺចាប់យ៉ាងខ្លាំងដល់មនុស្ស។ «រឿងតែមួយគត់ដែលទទួលបានអត្ថប្រយោជន៍ពីវា គឺឧស្សាហកម្មសង្រ្គាម»៕


