អូស្ត្រាលី៖ អតីតបុគ្គលិកថែទាំកុមារជនជាតិអូស្ត្រាលីម្នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសច្រើនជាង១.៦០០ករណី បន្ទាប់ពីបានរំលោភបំពានផ្លូវភេទលើកុមារចំនួន៩១នាក់ ដោយបានថតវីដេអូទុក បន្ទាប់មកចែកចាយខ្លឹមសារតាមអ៊ីនធឺណិត។ នគរបាលបានចោទប្រកាន់បុរសនោះថា បានចាប់រំលោភលើក្មេងស្រីក្នុងរយៈពេល១៥ ឆ្នាំនៅមជ្ឈមណ្ឌលជាច្រើនក្នុងប្រទេសអូស្ត្រាលី និងនៅបរទេស។

ជនសង្ស័យរូបនោះត្រូវបានចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០២២ ប៉ុន្តែនគរបាលបានចំណាយពេលមួយឆ្នាំដើម្បីស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនរងគ្រោះតាមការចោទប្រកាន់។
ក្រុមអាជ្ញាធរនិយាយថា វាជាករណីដ៏គួរឲ្យរន្ធត់បំផុតមួយដែលពួកគេមិនធ្លាប់បានឃើញ។ បុរសវ័យ៤៥ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការចាប់រំលោភចំនួន២៤៦ករណី និង ការរំលោភបំពានលើកុមារចំនួន៦៧៣ករណី ដែលពួកគេភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ករណីនេះ បានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារចំនួន១០ក្នុងរដ្ឋ Queensland និងមួយកន្លែងនៅរដ្ឋ New South Wales និងតំបន់ក្រៅប្រទេសដែលមិនបញ្ចេញឈ្មោះមួយទៀត។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេបានចាប់ខ្លួនបុរសនោះ បន្ទាប់ពីពួកគេអាចកំណត់អត្តសញ្ញាណខាងក្រោយ ដែលលេចចេញនៅក្នុងការរំលោភបំពានកុមារ ជាមជ្ឈមណ្ឌលថែទាំកុមារមួយដែលបុរសរូបនោះធ្វើការ៕
