អ៊ីតាលី៖ ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិយូណេស្កូ (UNESCO) នៅថ្ងៃចន្ទ (ទី៣១ ខែកក្កដា) បានចេញសេចក្ដីណែនាំថា ទីក្រុង Venice គួរត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលស្ថិតក្នុងគ្រោះថ្នាក់ ដោយនិយាយថា អាជ្ញាធរអ៊ីតាលីចាំបាច់ត្រូវបង្កើនកិច្ចប្រឹងប្រែងឲ្យខ្លាំងឡើងថែមទៀត ដើម្បីធានាទីក្រុងប្រវត្តិសាស្ត្រ និងបឹងទឹកសាបជុំវិញទីក្រុង។
អង្គការយូណេស្កូបានឲ្យដឹងនៅក្នុងសេចក្ដីណែនាំរបស់ខ្លួនថា ទីក្រុង Venice ប្រថុយនឹងការខូចខាតដែលមិនអាចកែបាន ដោយសារបញ្ហាជាច្រើន រាប់ចាប់ពីការប្រែប្រួលអាកាសធាតុ រហូតដល់ការមកដល់យ៉ាងគំហុករបស់ភ្ញៀវទេសចរណ៍។ សេចក្ដីណែនាំនេះ ឥឡូវនេះ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងខែកញ្ញាដើម្បីទទួលបានការអនុម័ត។
អង្គការយូណេស្កូ បាននិយាយថា៖ «ផលប៉ះពាល់នៃការថយចុះជាបន្តបន្ទាប់ ដោយសារតែការរុករានរបស់មនុស្ស រួមទាំងការបន្តការអភិវឌ្ឍ ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងទេសចរណ៍ដ៏គំហុក គំរាមកំហែងឲ្យមានការផ្លាស់ប្តូរដែលមិនជួសជុលវិញបាន ចំពោះតម្លៃសកលដ៏អស្ចារ្យនៃទ្រព្យសម្បត្តិជាបេតិកភណ្ឌនេះ»។
ដោយព្រមានពីការអភិវឌ្ឍនានា ក្នុងនោះរួមទាំងការសាងអគារខ្ពស់ៗ ដែលនាំឲ្យមានការប្រឈមនឹងផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងនោះ អង្គការយូណេស្កូបានបន្ថែមថា៖ «បញ្ហាយូរអង្វែងទាំងនេះមួយចំនួន បាននាំឲ្យមានការបាត់បង់លក្ខណៈសម្បត្តិធម្មជាតិរបស់ទីក្រុងនេះកាន់តែខ្លាំងឡើងៗ។ លើសពីនេះ ផលប៉ះពាល់ពីការរួមបញ្ចូលគ្នានៃការប្រែប្រួលដោយធម្មជាតិ និងស្នាដៃរបស់មនុស្ស កំពុងបណ្តាលឲ្យមានមានការបាត់បង់តម្លៃ និងការខូចខាតដល់សំណង់អគារ និងតំបន់ជាយក្រុង»។
អង្គការបានសង្កត់ថ្ងន់ថា ជារួមមាន «ការខ្វះខាតនូវដំណើរការដ៏សំខាន់» របស់ប្រទេសអ៊ីតាលី ក្នុងការដោះស្រាយបញ្ហាទាំងនេះ ហើយនេះត្រូវបានរារាំងបន្ថែមទៀត ដោយកង្វះចក្ខុវិស័យជាយុទ្ធសាស្ត្ររួម៕



