ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា រយៈពេល៤ថ្ងៃនៃដំណើរការចាក់ដូសទី២ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម និងតំបន់មួយចំនួនដែលបានប្រែក្លាយទៅជាលឿងទុំនោះ បានប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុវត្ថិភាព។
ស្របពេលយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានដំណើរការអស់រយៈពេល១៩ថ្ងៃកន្លងទៅនៅថ្ងៃទី២០ ខែឧសភានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម បានប្រាប់BTVថា ក្រោយពីដំណើរការចាប់ផ្តើមចាក់នូវដូសទី២ ជូនប្រជាពលរដ្ឋ រយៈពេល៤ថ្ងៃកន្លងមកនេះ គឺមានភាពល្អប្រសើរ ហើយមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ក្រោមកិច្ចសហការរវាងក្រុមការងារកងទ័ព និងអាជ្ញាធរមូលដ្ឋាន។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា រយៈពេល៤ថ្ងៃនៃការចាប់ផ្តើមដូសពីទី២របស់បងប្អូនប្រជាពលរដ្ឋ គឺប្រហាក់ប្រហែលនឹងចំនួនការចាក់ដូសទី១ ក្នុងរយៈពេលដូចគ្នាដែរ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី២ សូមមេត្តាទៅទទួលតាមកាលបរច្ឆេទកំណត់ ឬចន្លោះក្រោយចាក់ដូសទី១បាន១៥ថ្ងៃ-២៨ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃវ៉ាក់សាំង។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។
យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម ដោយក្រុមគ្រូពេទ្យយោធាក្នុងខណ្ឌចំនួន៦ នៃរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២០ ខែឧសភានេះមានប្រជាពលរដ្ឋចំនួនជាង៧៤ម៉ឺននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខណ:ប្រជាពលរដ្ឋសរុបដែលត្រូវចាក់វ៉ាក់សាំងចំនួនជិត៨០ម៉ឺននាក់៕ អត្ថបទ៖ សេក ឧត្តម