ចិន៖ ក្រុមមនុស្ស ដែលមានទឹកភ្នែករលីងរលោង បាននិយាយលាទៅកាន់សពតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀង Coco Lee នៅថ្ងៃអង្គារ (ទី១ ខែសីហា) ខណៈដែលពិធីបុណ្យសព ត្រូវបានធ្វើប្រារព្ធឡើង នៅភាគខាងកើតទីក្រុងហុងកុង ដើម្បីជូនដំណើរតារាដ៏ល្បីឈ្មោះ ដែលបានទទួលមរណភាព ក្នុងវ័យ ៤៨ឆ្នាំបន្ទាប់ពីប្រកបអាជីពលើវិថីសិល្បៈចម្រៀងអស់រយៈពេល ៣ទសវត្សរ៍។
អ្នកគាំទ្រ ដែលជាច្រើននាក់បានស្លៀកពាក់ពណ៌ខ្មៅ បានស្រែកថា «លាហើយ Coco!» ហើយសូមជូនពរឲ្យធ្វើដំណើរទៅទីស្ងប់សុខ ខណៈដែលឡានដឹកក្តារមឈូសរបស់នាង បានរំកិលចេញពីអគារ បន្ទាប់ពីរៀបចំពិធីរួចរាល់ នៅខាងក្នុងនោះ។
ក្នុងចំណោមអ្នកដែលមានវត្តមាននោះ បុរសម្នាក់ឈ្មោះ ចាវ ផឹង (Zhao Peng) ដែលជាអ្នកគាំទ្ររបស់លោកស្រី Lee តាំងពីវ័យ ៥ឆ្នាំមកម្ល៉េះនោះ បាននិយាយថា «ពិតជាពិបាកទ្រាំណាស់ ដែលឃើញគាត់ (លោកស្រី Coco Lee) ចាកចេញដោយគ្មានថ្ងៃត្រឡប់បែបនេះ»។ អ្នកស្រុកប៉េកាំងដែលពោរពេញដោយអារម្មណ៍រំជួលចិត្តរូបនេះ បានបន្ថែមថា លោកមិនសប្បាយចិត្តសោះឡើយ ដែលនឹងមិនអាចមើលការសម្ដែងរបស់តារាចម្រៀងប៉ុបអាមេរិកដើមកំណើតហុងកុងជារៀងរហូត។
សូមបញ្ជាក់ថា បងប្អូនស្រី ២នាក់របស់សព បានសរសេរបង្ហោះនៅលើបណ្ដាញសង្គម Facebook ថា អ្នកចម្រៀង Lee បានប្រឹងតស៊ូជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ហើយក៏បានបាត់បង់ជីវិត នៅថ្ងៃទី៥ ខែកក្កដា បន្ទាប់ប៉ុនប៉ងធ្វើអត្តឃាត នៅ ៣ថ្ងៃមុននោះ។ ក្នុងចំណោមការសម្ដែងដែលគួរឲ្យកត់សម្គាល់បំផុតរបស់លោកស្រី Lee គឺការសម្ដែងជាតួអ្នកចម្បាំងស្រី Mulan និងការសម្ដែង ក្នុងបទចម្រៀងដែលទទួលបានពានរង្វាន់អូស្ការ «A Love Before Time» ដកស្រង់ពីភាពយន្ត «Crouching Tiger និង Hidden Dragon»៕



