កំពង់ឆ្នាំង៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានចុះពិនិត្យទីតាំងសាងសង់ផ្ទះថ្មីចំនួន ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្ដុង្គឧត្ដមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជារាស្ត្រងាយរងគ្រោះបំផុតចំនួន ២គ្រួសារ រស់នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ជនងាយរងគ្រោះបំផុតទាំង ២គ្រួសារ ដែលទទួលផ្ទះរួមមាន ៖ ១. លោកយាយ គ្រែក ហ៊ី អាយុ ៧៥ឆ្នាំ ជាចាស់ឥតទីពឹង។ ២. អ្នកស្រី ឡឹម ញ៉ឹប អាយុ ៤៧ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន ៣នាក់ក្នុងបន្ទុក។
តាមការបញ្ជាក់របស់លោកជំទាវ ម៉ែន នារីសោភ័គ បានឱ្យដឹងថា កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជូបត្ថម្ភពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣។
បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អនុសាសន៍ដល់មន្ត្រីក្រោមឱវាទចុះពិនិត្យមើលទីតាំងណាដែលសមស្រប គ្រួសារណាដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា ដើម្បីសាងសង់ផ្ទះជូនឱ្យបានសមរម្យ។ ជាក់ស្តែង បេសកកម្មក្នុងថ្ងៃនេះ គឺក្រុមការងារ បានចុះមកពិនិត្យស្ថានភាពជាក់ស្តែងរួចហើយ ហើយដែលក្រុមជាងសាងសង់ផ្ទះនឹងចុះមកសាងសង់ឱ្យបានឆាប់ៗ ទៅតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕






