
កាលពីថ្ងៃចន្ទម្សិលមិញ អង់គ្លេស បានប្តេជ្ញាចិត្តផ្តល់អាជ្ញាប័ណ្ណរាប់រយអាជ្ញាប័ណ្ណសម្រាប់ការបូមប្រេង និងឧស្ម័នក្នុងសមុទ្រ North Sea ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងធ្វើឲ្យពួកគេកាន់តែឯករាជ្យបន្ថែមទៀតលើថាមពល ជាហេតុធ្វើឲ្យមានការរិះគន់ខ្លាំងពីក្រុមយុទ្ធនាការបរិស្ថាន ។
លោកនាយករដ្ឋមន្រ្តី Rishi Sunakបានបញ្ជាក់ពីគម្រោងផ្តល់អាជ្ញាប័ណ្ណជាង ១០០អាជ្ញាប័ណ្ណដែលទាក់ទាញការដេញថ្លៃកាលពីដើមឆ្នាំនេះ ហើយលោកនិយាយថា អាជ្ញាប័ណ្ណអនាគតរាប់រយអាជ្ញាប័ណ្ណបន្ថែមទៀត នឹងត្រូវផ្តល់ជូនផងដែរ។
អង់គ្លេសមានគោលដៅមួយក្នុងការឈានដល់ការបំភាយឧស្ម័នក្នុងកម្រិតសូន្យ នៅឆ្នាំ ២០៥០ខាងមុខ ប៉ុន្តែលោក Sunakនិយាយថា សូម្បីតែនៅកាលបរិច្ឆេតនេះក៏ដោយ អង់គ្លេសត្រូវបានគេរំពឹងថានឹងទទួលបានជាង ១ភាគ៤នៃថាមពលរបស់ខ្លួនពីប្រេង និងឧស្ម័ន ។
អ្នកស្រី Jess Ralstonគឺជាប្រធានផ្នែកថាមពលនៅអង្គភាពអង្កេតអាកាសធាតុ និងថាមពល និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ផែនការរដ្ឋាភិបាល បានធ្វើឲ្យគ្រោះថ្នាក់ដល់គោលជំហរអន្តរជាតិរបស់ចក្រភពអង់គ្លេស ពេលដែលពួកគេត្រូវដោះស្រាយបម្រែបម្រួលអាកាសធាតុ ដោយអ្នកស្រីបានធ្វើការសង្កត់ធ្ងន់ថា ការផ្តល់អាជ្ញាប័ណ្ណប្រេង និងឧស្ម័នថ្មី អាចជាការលាក់ពុត។
អ្នកស្រី Ralstonបន្តថា អ្នកស្រីគិតថា គោលជំហររបស់ចក្រភពអង់គ្លេស អាចនឹងត្រូវចោទសួរដោយអន្តរជាតិ ចំពោះសេចក្តីប្រកាសនៅថ្ងៃនេះ ។ ដូចអ្នកដឹងស្រាប់ហើយ ពួកយើងបានធ្វើម្ចាស់កិច្ចប្រជុំអាកាសធាតុ COP26 ហើយពួកយើងតែងតែអំពាវនាវដល់ប្រទេសផ្សេងទៀត ឲ្យធ្វើរឿងបន្ថែមទៀតលើបញ្ហាបម្រែបម្រួលអាកាសធាតុ ។
អ្នកស្រីនិយាយថា ដូច្នេះហើយច្បាស់ណាស់ថាវាគឺជាការលាក់ពុត បើសិនជាពួកយើងអំពាវនាវដល់ប្រទេសដទៃឲ្យកាត់បន្ថយការប្រើប្រាស់ប្រេង និងឧស្ម័ន ហើយនិងកាត់បន្ថយតម្រូវការរបស់ពួកគេ ប៉ុន្តែក្នុងពេលតែមួយ ពួកយើងបែរជាបង្កើតនការផលិត និងការប្រើប្រាស់របស់ខ្លួនទៅវិញ ។
អ្នកស្រីបន្តថា ទីភ្នាក់ងារថាមពលអន្តរជាតិ អង្គការសហប្រជាជាតិ គណៈកម្មាធិការបម្រែបម្រួលអាកាសធាតុដែលណែនាំរដ្ឋាភិបាល ពួកគេនិយាយថា លែងមានប្រេង និងឧស្ម័នច្រើនទៀតហើយ ហើយថ្ងៃនេះ រដ្ឋាភិបាលអង់គ្លេស បានធ្វើរឿងផ្ទុយគ្នាទៅវិញ៕