ភ្នំពេញ ៖ លោក ធឹម សំអុល អនុប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សា ការពារស្ថានីយបុរាណ វត្ថុបុរាណ និងសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានគង់វង្សយូរអង្វែង។
លោក ធឹម សំអុល បានមានប្រសាសន៍ថា វិស័យវប្បធម៌ ក្នុងខេត្តកណ្តាល និយាយដោយឡែកផ្តោតលើការងារចំបង លើការគ្រប់គ្រងសម្បតិ្តបេតិកភណ្ឌក្នុងមូលដ្ឋាន គឺមន្រី្តជំនាញកំពុងធ្វើការងារគ្រប់គ្រងអភិរក្ស និងចុះបញ្ជីស្ថានីយបុរាណ ក្នុងបញ្ជី និងស្ថានីយទើបរកឃើញថ្មី, គ្រប់គ្រងសំណង់បុរាណ និងចុះបញ្ជីសំណង់បុរាណនៅតាមបណ្តាវត្តអារាម, គ្រប់គ្រង ស្រាវជ្រាវ អភិរក្ស វត្ថុបុរាណក្នុង និងក្រៅឃ្លាំង តាមស្ថានីយបុរាណ គ្រប់គ្រង និងអភិរក្សស្ថានីយ មណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប៉ុលពត និងផ្សព្វផ្សាយនូវសម្បតិ្តបេតិកភណ្ឌ ពីការអភិរក្ស និងលើកស្ទួយតម្លៃបេតិកភណ្ឌជាតិ។
ឆ្លៀតក្នុងឱកាសនោះ លោក ធឹម សំអុល បានសង្កត់ធ្ងន់ថា បេសកកម្មចំបងលើវិស័យបេតិកភណ្ឌវប្បធម៌ របស់មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាលនេះ បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចការងារចំបងសំខាន់ៗ គឺការចុះបញ្ជីស្ថានីយបុរាណទូទាំងខេត្តកណ្តាល ឲ្យបានរួចរាល់១០០% ត្រឹមឆ្នាំ២០២៥ និងកិច្ចការងារបន្ទាប់ទៀត ត្រៀមផែនការចុះបញ្ជីសំណង់បុរាណ ស្ថិតនៅតាមបណ្តាវត្តអារាមនានា ក្រៅពីនោះមន្រី្តជំនាញ ក៏បន្តចុះសិក្សាស្រាវជ្រាវអភិរក្សរុករកវត្ថុបុរាណ នៅតាមបណ្តាស្ថានីយមួយចំនួន ឬក៏នៅតាមវត្តអារាម ដែលបានរក្សាទុកនូវត្ថុបុរាណខុសច្បាប់ ជាពិសេសមន្រី្តជំនាញ បន្តធ្វើការចុះបញ្ជីមណ្ឌលប្រល័យពូជសាសន៍ ចំនួន៦មណ្ឌល ក្នុងស្រុកចំនួន៥ និងកំពុងរៀបចំអភិរក្សបន្តទៀត និងនៅមានមណ្ឌលខ្លះប្រឈមខ្លាំង ចាំបាច់ត្រូវសង្រ្គោះបឋមផងដែរ៕ អត្ថបទ៖ រដ្ឋា














