
លោក Lindsey Grahamដែលជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដ៏លេចធ្លោម្នាក់មកពីគណបក្សសាធារណរដ្ឋ បានព្រមានថា ការវាយប្រហារដោយអាវុធនុយក្លេអ៊ែររុស្ស៊ីទៅលើអ៊ុយក្រែន នឹងត្រូវចាត់ទុកថាជាការវាយប្រហារមកលើសម័្ពន្ធមិត្តយោធាណាតូ បើទោះបីជាអ៊ុយក្រែន មិនមែនជាសមាជិករបស់សម្ព័ន្ធមិត្តមួយនេះក៏ដោយ ។
លោក Grahamបានធ្វើការព្រមានបែបនេះ ក្រោយអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedevនិយាយថា រុស្ស៊ីត្រូវតែប្រើប្រាស់អាវុធនុយក្លេអ៊ែរ បើសិនជាកងកម្លាំងអ៊ុយក្រែនគំរាមកំហែងដល់ទឹកដីរុស្ស៊ី ។
លោក Grahamសរសេរនៅលើបណ្តាញសង្គម Twitterថា ផ្ញើទៅកាន់មិត្តរុស្ស៊ីដែលនិយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន អ្នកត្រូវការដឹងថាវាគឺជាការវាយប្រហារទៅលើសម្ព័ន្ធមិត្តណាតូទាំងមូល ព្រោះអ៊ុយក្រែននៅជិតដែនដីណាតូ ។
លោកបន្តថា ដល់ពេលត្រូវស្វាងហើយ ត្រូវយល់ថា ការវាយលុកដ៏កម្រោលរបស់អ្នកលើអ៊ុយក្រែន គ្មានប្រសិទ្ធិភាពនោះទេ គួរតែដកខ្លួនចេញ ហើយត្រូវសង្រ្គោះអាយុជីវិតយុវជនវ័យក្មេងរុស្ស៊ីពីការស្លាប់ដោយគ្មានន័យបែបនេះ ។
សូមបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ លោក Grahamនិងសមាជិកព្រឹទ្ធសភាមួយរូបទៀតរបស់សហរដ្ឋអាមេរិក លោក Richard Blumenthal បានណែនាំសេចក្តីសម្រេចមួយដែលបញ្ជាក់ថា រាល់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកដោយរុស្ស៊ី បេឡារុស ឬប្រទេសជិតខាងរបស់ពួកគេ ដែលសាយភាយសារធាតុវិទ្យុសកម្មចូលដែនដីអង្គការណាតូ នឹងត្រូវចាត់ទុកថាជាការវាយប្រហារលើអង្គការណាតូ ៕