
រដ្ឋាភិបាលដាណឺម៉ាក បាននិយាយថា ខ្លួននឹងរិះរកមធ្យោបាយផ្លូវច្បាប់ ដើម្បីបញ្ឈប់ការតវ៉ា ដែលមានពាក់ព័ន្ធនឹងការដុតគម្ពីរសាសនាទាំងឡាយ ក្នុងពេលវេលាដ៏ជាក់លាក់ ដោយលើកឡើងពីក្ដីបារម្ភផ្នែកសន្តិសុខ បន្ទាប់ពីមានការប្រតិកម្មតបទៅនឹងការធ្វើបែបនេះ ដែលបានឃើញនូវការប្រមាថ ចំពោះគម្ពីរកូរ៉ាន នៅក្នុងប្រទេសដាណឺម៉ាក និងស៊ុយអែត។
ក្រសួងការបរទេសដាណឺម៉ាក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយកត់សម្គាល់ថា ការតវ៉ាបែបនេះ បានធ្វើឡើងដោយពួកជ្រុលនិយម រដ្ឋាភិបាលចង់ «ពិនិត្យពិច័យ»ឲ្យមានអន្តរាគមន៍ នៅក្នុងស្ថានភាពដែល«ប្រទេស វប្បធម៌ និងសាសនាផ្សេងទៀត ត្រូវបានប្រមាថ ហើយដែលស្ថានការនេះ អាចផ្តល់ផលអវិជ្ជមានដ៏ធំដល់ប្រទេសដាណឺម៉ាក យ៉ាងហោចបំផុតទាក់ទងនឹងសន្តិសុខ។
ដោយសង្កត់ធ្ងន់លើតម្លៃដ៏មានសារៈសំខាន់បំផុតរបស់ប្រទេស ក្នុងចំណោមប្រទេសជាច្រើន សេចក្ដីថ្លែងការណ៍ បានបន្ថែមថា៖ «ជាការពិតណាស់ ការពិចារណាដល់ការហាមឃាត់នេះ ត្រូវតែធ្វើនៅក្នុងក្របខ័ណ្ឌនៃសេរីភាពនៃការបញ្ចេញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងក្នុងលក្ខណៈដែលមិនផ្លាស់ប្តូរការពិត ដែលថា សេរីភាពនៃការបញ្ចេញមតិ នៅក្នុងប្រទេសដាណឺម៉ាក មានវិសាលភាពទូលំទូលាយណាស់»។
ការតវ៉ាថ្មីៗជាច្រើន ដែលពាក់ព័ន្ធនឹងការប្រមាថមើលងាយគម្ពីរដ៏ពិសិដ្ឋរបស់ម៉ូស្លីម បានបង្កើនភាពតានតឹងផ្នែកការទូត នៅទូទាំងមជ្ឈិមបូព៌ា និងប្រទេសអឺរុបខាងជើង (Nordic) ទាំងពីរ ហើយមិនត្រឹមតែប៉ុណ្ណោះទង្វើនោះ បាននាំឲ្យទាំងបេសកជនដាណឺម៉ាក និងស៊ុយអែត ត្រូវបានកោះហៅក្នុងប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ាថែមទៀតផង៕