
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការអ៊ីស្លាម បានជំរុញដល់ប្រទេសជាសមាជិករបស់ខ្លួន ចាត់វិធានការប្រឆាំងជាមួយបណ្តាប្រទេសដែលអនុញ្ញាតឲ្យមានការដុត ឬប្រមាថគម្ពីគូរ៉ានជាសាធារណៈ រួមទាំងការកោះហៅឯករដ្ឋទូតឲ្យមកវិញផងដែរ ។
អង្គការអ៊ីស្លាមដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីតមួយនេះ បានធ្វើការអំពាវនាវបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីជំនួបបន្ទាន់តាមអនឡាញរបស់ក្រុមរដ្ឋមន្រ្តីការបរទេសរបស់ពួកគេ ដើម្បីពិភាក្សាលើឧបទ្ទេវហេតុកាលពីពេលថ្មីៗនេះ ពេលកម្ពីដ៏ពិសិដ្ឋរបស់អ៊ីស្លាម ត្រូវបានគេដុត ឬធ្វើឲ្យខូច អំឡុងបាតុកម្មដែលត្រូវបានគេអនុញ្ញាតិជាផ្លូវការនៅក្នុងប្រទេសស៊ុយអែត និងប្រទេសដាណឺម៉ាក ។
សេចក្តីថ្លែងការណ៍នេះ និយាយថា សមាជិកទាំង ៥៧ប្រទេសរបស់អង្គការអ៊ីស្លាម គួរតែពិចារណាលើការសម្រេចចិត្តដ៏ចាំបាច់ និងវិធានការដែលពួកគេគិតថាសមរម្យក្នុងទំនាក់ទំនងរបស់ពួកគេជាមួយស៊ុយអែត ដាណឺម៉ាក និងប្រទេសផ្សេងទៀត ដែលអនុញ្ញាតឲ្យមានឧបទ្ទេវហេតុបែបនេះកើតឡើង រួមទាំងការកោះហៅឯកអគ្គរដ្ឋទូតរបស់ពួកគេវិលត្រឡប់មកប្រទេសកំណើតវិញ ។
ពួកគេបានជំរុញឲ្យអង្គការសង្គមស៊ីវិលនៅតាមរដ្ឋសមាជិក ធ្វើការជាមួយសមភាគីនៅតាមបណ្តាប្រទេស កន្លែងដែលគម្ពីគូរ៉ាន ត្រូវបានដុតបំផ្លាញ ឬប្រមាថ ដើម្បីដាក់ពាក្យបណ្តឹងក្នុងស្រុក មុនពេលលើកករណីមួយនេះ ទៅកាន់តុលាការអន្តរជាតិដែលអាចអនុវត្តន៍បាន ។
ពួកគេបានអំពាវនាវផងដែរឲ្យមានកិច្ចខិតខំបន្ថែមទៀតក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងការស្អប់ខ្ពើមអ៊ីស្លាម ក៏ដូចជាកើតសរសើរដល់គុយវែត ដែលចាត់ចែងការបោះពុម្ភគម្ពីគូរ៉ានបកប្រែជាភាសាស៊ុយអែតចំនួន ១០ម៉ឺនច្បាប់ សម្រាប់ការចែកចាយនៅក្នុងប្រទេសស៊ុយអែត ៕