យោធារបស់ប្រទេសម៉ាលី និងប្រទេសបួគីណាហ្វាសូ បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះមេដឹកនាំរដ្ឋប្រហារប្រទេសនីហ្សេ កាលពីល្ងាចថ្ងៃចន្ទ។
សហគមន៍សេដ្ឋកិច្ច នៃបណ្តារដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ដែលជាប្លុកតំបន់ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច រួមមានទំាងការបញ្ឈប់ប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ និងបង្កកទ្រព្យសម្បត្តិជាតិ និងបាននិយាយថា ខ្លួនអាចអនុញ្ញាតឲ្យប្រើកម្លាំងដើម្បីផ្តល់អំណាចដល់លោក Bazoum វិញដែលនៅតែត្រូវបានឃុំឃាំងនៅក្នុងវិមានរបស់ខ្លួននៅឡើយ។
សេចក្តីថ្លែងការរួម ដែលផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិរបស់ប្រទេសទាំងពីរ បានឲ្យដឹងថា ប្រទេសម៉ាលី និងបួគីណាហ្វាសូ បានព្រមានថា ការអន្តរាគមន៍ពីយោធាណាមួយ ប្រឆាំងប្រទេសនីហ្សេ គឺមានឥទ្ធិពលដូចគ្នាទៅនឹងការប្រកាសសង្គ្រាមមកលើប្រទេសបួរគីណាហ្វាសូ និងប្រទេសម៉ាលី។
ទន្ទឹមនឹងនេះ មន្ត្រីសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បាននិយាយថា រដ្ឋប្រហារមិនទទួលបានជោគជ័យទាំងស្រុងនោះទេ ហើយនៅតែមានឱកាសដើម្បីឲ្យលោក Bazoum ចូលមកកាន់តំណែងវិញ។ ប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ បានគាំទ្រការអត្ថាធិប្បាយនេះ។