
ភ្លៀងធ្លាក់ខ្លាំងដែលនាំមកដោយខ្យល់ព្យុះទីហ្វុង Doksuri និងខ្យល់មូសុងនិរតី និងដែលកាន់តែខ្លាំងដោយព្យុះទីហ្វុង Khanun បាននាំឲ្យលិចទីក្រុងទាំងមូល នៅភាគខាងជើងប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ (ទី១ ខែសីហា) នេះ។
ក្នុងខេត្ត Bulacan នៅភាគខាងជើងនៃទីក្រុងម៉ានីល អ្នកស្រុក ត្រូវបានបង្ខំធ្វើដំណើរដោយទូកឈើតូចៗ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរ ជន់លិចផ្លូវ និងបណ្តាលឲ្យមានទឹកជំនន់ជម្រៅរហូតដល់ ៧ហ្វីត (ប្រមាណ ២ម៉ែត្រ) នៅក្នុងតំបន់ទំនាប។
សមាជិកក្រុមប្រឹក្សាភូមិ Benjamin De Leon បាននិយាយថា អ្នកស្រុកមិនរំពឹងថា នឹងមានភ្លៀងអូសបន្លាយលើសពីមួយសប្តាហ៍នោះទេ ដែលធ្វើឲ្យទ្រព្យសម្បត្តិ និងរថយន្តជាច្រើនគ្រឿងរបស់ពួកគេលិចនៅក្នុងទឹក។
ហ្វីលីពីន ដែលជាប្រទេសប្រជុំកោះជាង ៧.៦០០កោះ ត្រូវបានវាយប្រហារ កាលពីសប្តាហ៍មុន ដោយខ្យល់ព្យុះទីហ្វុង Doksuri ដែលបាននាំឲ្យមានល្បឿនខ្យល់បក់រហូតដល់ ១៧៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ទៅកាន់ភាគខាងជើងប្រទេស និងកោះ Luzon ដែលមានប្រជាជនច្រើនជាងគេបំផុត៕