
ភ្នំពេញ៖ សាលារាជធានី បានអនុញ្ញាតឱ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ តទៅ តែផ្សារមិនរៀបរយនៅតែបន្តផ្អាកសិន។
សាលារាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចលេខ ១១៤/២១ សសរ ដោយសម្រេចបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។
ក្នុងសេចក្ដីសម្រេចលេខ ១១៤/២១ សសរ បានបញ្ជាក់ថា ការបើកដំណើរការឡើងវិញចំពោះផ្សាររដ្ឋទាំងអស់នេះ គឺមានការលើកលែងផងដែរ ចំពោះផ្សារមិនរៀបរយទាំងអស់ដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវជាដើម មិនត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
សេចក្ដីសម្រេចលេខ ១១៤/២១ សសរ ត្រង់ប្រការ ២ បានលើកឡើងពីកាតព្វកិច្ចដែល អាជីវករ សន្តិសុខ បុគ្គលិក-កម្មករ អតិថិជន និងជនទាំងឡាយដែលមានវត្តមានក្នុងបរិវេណផ្សារត្រូវតែអនុវត្តជាចាំបាច់បំផុត នោះគឺ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពជាចាំបាច់។
ក្នុងករណីមិនពាក់ម៉ាស ឬ ពាក់ម៉ាសមិនបានត្រឹមត្រូវ មិនរក្សាគម្លាតសុវត្ថិភាពទេនោះ អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និង គណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ត្រូវសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តការផាកពិន័យជាបន្ទាន់ចំពោះបុគ្គលល្មើស និងហាមដាច់ខាតការជួបជុំប្រមូលផ្តុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ ក្នុងករណី មានការជួបជុំប្រមូលផ្តុំមនុស្សខុសពីការណែនាំនេះ នឹងត្រូវអនុវត្តការផាកពិន័យ ជាបន្ទាន់ចំពោះបុគ្គលល្មើស។ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ “៣ ការពារ និង ៣ កុំ" របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឱ្យមានអ្នកវាស់កម្ដៅ បាញ់ទឹកអាល់កុល-ជែលអាល់កុល និងអនុវត្តការស្កេន QR Code ទប់ស្កាត់កូវីដ នៅតាមបណ្តាច្រកចេញ-ចូលផ្សារដែលបានកំណត់។
សេចក្ដីសម្រេចលេខ ១១៤/២១ សសរ ក៏បានបញ្ជាក់ពីវិធានការក្នុងករណីរកឃើញថា អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី និងគណៈកម្មការគ្រប់គ្រងផ្សាររដ្ឋ ឬ បុគ្គលណាម្នាក់ មិនព្រមសហការ ឬ មិនអនុវត្ត តាមខ្លឹមសារនៃសេចក្ដីសម្រេចនេះ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



