ភ្នំពេញ៖ កម្លាំងនគរបាលនៃកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនាយកដ្ឋានស៉ើបការក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំងបានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីបង្ហោះវីដេអូតាមបណ្ដាញសង្គម Tiktok ប្រើប្រាស់ពាក្យប្រមាថដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងមានចេតនាញុះញង់ចង់បង្កចលាចលក្នុងសង្គម។
លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យBTV ដឹងនាល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣នេះថា កាលពី នៅវេលាម៉ោង ០៨និង២៤ នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនាយកដ្ឋានស៉ើបការក្រៅ និងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភី អ៊ួក ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំនុចផ្ទះគ្មានលេខ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងមុខរបរចុងភៅ (រោងចក្រ TOP SUMMIT GARMENT)។
ក្នុងប្រតិបត្តិការនៃការឃាត់ខ្លួនជនសង្ស័យ ដោយមានការសម្របសម្រួល ពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ញុះញង់បង្ករអោយមានភាពវឹកវរ ប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថរាជការសាធារណៈ រួចបញ្ជូនខ្លួនជនសង្ស័យមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបង្ហោះវីដេអូកាត់តជាសាធារណៈ ដោយភ្ជាប់ជាមួយខ្លឹមសារ ដែលមានចរិកជាការញុះញង់ធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ពោលគឺមានចេតនាបង្កឲ្យចលាចលដល់សន្ដិសុខជាតិ និងប្រមាថថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ប្រព្រឹត្តអំឡុងខែមិថុនា ឆ្នាំ២០២៣។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញសួរនាំនិងកដាងសំណុំរឿងចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

