ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃអង្គារថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និង ១៩នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងប៉េកាំង និងខេត្តជុំវិញនោះ បណ្ដាលឲ្យលិចផ្លូវ និងបំណាក់ដីពាលពេញតំបន់។
ព្យុះ Doksuri ដែលជាអតីតព្យុះទីហ្វុងដ៏ធំ បានបោកបក់ឆ្ពោះទៅភាគខាងជើងប្រទេសចិន បន្ទាប់ពីវាយប្រហារខេត្ត ហ្វ៊ូជាន ភាគខាងត្បូងកាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយលុករបស់ប្រទេសហ្វីលីពីន។
ភ្លៀងធ្លាក់ដ៏ខ្លាំងបានចាប់ផ្តើមវាយលុករដ្ឋធានីប្រទេសចិនមួយនេះ និងតំបន់ជុំវិញកាលពីថ្ងៃសៅរ៍ ដោយបរិមាណទឹកភ្លៀងជាមធ្យមពេញមួយខែនៃខែកក្កដា បានធ្លាក់ទៅលើទីក្រុងប៉េកាំងក្នុងរយៈពេលត្រឹមតែ ៤០ម៉ោងប៉ុណ្ណោះ។

តំបន់ធំៗជាច្រើននៅជាយក្រុងនៃទីក្រុងប៉េកាំងនៅតែរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំនន់ភ្លៀង ដែលជាគ្រោះមហន្តរាយធ្ងន់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ នៅលើច្រាំងទន្លេនៃតំបន់ Mentougou ដែលជាតំបន់រងផលប៉ះពាល់ដ៏អាក្រក់បំផុតមួយ គេបានឃើញកំទេចកំទីល្បប់ភក់ពាសពេញផ្លូវ។
ប្រទេសចិនបាននឹងកំពុងជួបប្រទះនឹងអាកាសធាតុធ្ងន់ធ្ងរ និងបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតក្នុងរដូវក្ដៅនេះ ជាព្រឹត្តិការណ៍អាកាសធាតុដែលអ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា កំពុងមានឥទ្ធិពលខ្លាំងឡើងដោយសារបម្រែបម្រួលអាកាសធាតុ។
ប្រទេសនេះបានត្រៀមខ្លួនរួចហើយសម្រាប់ទប់ទល់នឹងការមកដល់នៃព្យុះទីហ្វុង Khanun ដែលជាព្យុះទីប្រាំមួយក្នុងឆ្នាំនេះ ខណៈដែលវាខិតជិតឆ្នេរខាងកើតរបស់ប្រទេសចិន៕

