ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ហើយ ក្រោយបន្ដយកឈ្នះក្រុមកំពតអេហ្វស៊ី ៥-២ ក្នុងជំនួបជើងទី២ ក្នុងពូលA កាលពីល្ងាចថ្ងៃទី០១ ខែសីហា គ្រាដែលខេត្តព្រះសីហនុ បន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ២-១ ដើម្បីក្ដោបឱកាសឡើងវគ្គបន្ដ ។
សម្រាប់ជំនួបនៅទីលានវិទ្យាល័យ ច្បារអំពៅ ក្រុមទាំងពីរ បានបញ្ចប់វគ្គទី១ ដោយលទ្ធផលស្មើគ្នា ១-១ ក្នុងនោះ ១គ្រាប់របស់ភ្នំពេញហ្គាឡាក់ស៊ី ធ្វើសម្រេចដោយកីឡាករ ម៉ាន សាមី នៅនាទី១៤ និងគ្រាប់តាមស្មើរបស់កំពតអេហ្វស៊ី ធ្វើសម្រេចដោយកីឡាករ នី យ៉េរីម៉ាន នៅនាទី២៤ ។ ប៉ុន្ដែចូលវគ្គទី២ កីឡាករ ភឺន ចាន់វិសុទ្ធ បានបន្ថែម ៤គ្រាប់ទៀត ឲ្យភ្នំពេញហ្គាឡាក់ស៊ី នៅនាទី៥១, ៧២, ៧៥ និងនាទី៧៨ ខណៈកំពតអេហ្វស៊ី រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ ហង្ស ប៉ាលីដា នៅនាទី៨៣ ។

ចំណែកការប្រកួតពូលA នៅទីលានវិទ្យាល័យកំពង់ស្ពឺវិញ ខេត្តព្រះសីហនុ បានស៊ុតបំប៉ោងសំណាញ់ក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ ខេម លាងខេ នៅនាទី៣៥ និងកីឡាករ ម៉ាត់ ដាវីត នៅនាទី៤៤ ។ រីឯក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បានព្យាយាមវាយបកជាខ្លាំង ពិសេសនៅវគ្គទី២ តែពួកគេរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ លឿង ចន្ទ្រី នៅនាទី៦៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយជ័យជម្នះបានទៅក្រុមភ្ញៀវខេត្តព្រះសីហនុ ។
ជាមួយលទ្ធផលនេះដែរ ក្រុមភ្នំពេញហ្គាឡាក់ស៊ី បានបន្ដឈរកំពូលតារាង និងមាន ១៤ពិន្ទុ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ខណៈខេត្តព្រះសីហនុ បានបន្ដឈរលេខ២ និងមាន ៩ពិន្ទុ តាមពីក្រោយ ដោយពួកគេមានភាគរយខ្ពស់ ក្នុងការប្រជែងកៅអីវគ្គបន្ដ ។ ចំណែកក្រុមកំពតអេហ្វស៊ី និងខេត្តកំពង់ស្ពឺ បន្ដឈរលេខ៣ និងលេខ៤ ដោយរក្សា ៦ពិន្ទុក្នុងដៃ ហើយក្រុមទាំងពីរ ក៏នៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដជាមួយខេត្តព្រះសីហនុដែរ ដ្បិតក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃទៀត៕ អត្ថបទ លី ឈុនឡា
