
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ ពុំទាន់មានបណ្ដឹងតវ៉ា ពីគណបក្សនយោបាយណាមួយ លើលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឡើយទេ ។
ឯកឧត្តម ហង្ស ពុទ្ធា បានថ្លែងប្រាប់ BTV នៅព្រឹកថ្ងៃទី២ ខែសីហានេះថា បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាសន្ន កាលពីព្រឹកម្សិលមិញ ដោយគណបក្សនយោបាយអាចដាក់ពាក្យបណ្ដឹងតវ៉ាមក គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ ។
ឯកឧត្តម បានបន្តថា តាមនីតិវិធី បើមានបណ្ដឹងត្រូវប្ដឹងមក គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ មិនមានភស្តុតាងបណ្ដឹង នៅតាមការិយាល័យបោះឆ្នោតនោះទេ ដូចនេះទំនងគ្មានបណ្ដឹងនោះទេ ហើយបើគ្មានបណ្ដឹង គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅថ្ងៃទី៤ ឬទី៥ ខែសីហា ឆ្នាំ២០២៣ខាងមុខ ។
ឯកឧត្តម ហង្ស ពុទ្ធា បានបន្ថែមថា ការមិនមានបណ្ដឹងតវ៉ា ពីលទ្ធផលបណ្ដោះអាសន្ន នៃការបោះឆ្នោតនេះ បានបង្ហាញផងដែរ ពីភាពចាស់ទុំរបស់គណបក្សនយោបាយ ហើយមានការជឿជាក់លើការរៀបចំសេវាបោះឆ្នោត របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ពាក់ព័ន្ធសំណុំរឿងបុគ្គល ដែលបានគូសបំផ្លាញសន្លឹកឆ្នោត កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧កន្លងទៅនេះ ក៏ត្រូវបានជំនុំជម្រះរួចរាល់ហើយដែរ គឺនៅតែ គ.ជ.ប ដាក់សេចក្តីជូនដំណឹងទៅបុគ្គលទាំងនោះ បង់នូវប្រាក់ពិន័យប៉ុណ្ណោះ ។
កាលពីព្រឹកថ្ងៃទី១ ខែសីហាម្សិលមិញ គ.ជ.ប បានប្រកាសលទ្ធផលបណ្ដោះអាសន្ន ឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ច្រើនជាងគណបក្សនយោបាយផ្សេងៗ ដែលមានចំនួនជាង ៦លានសំឡេង ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ឈរលេខរៀងទី២ មានជាង ៧០ម៉ឺនសំឡេង ៕ អត្ថបទ បាន សុខរិទ្ធិ