កម្លាំងខ្យល់ដ៏ខ្លាំង បានបោកបក់មកលើបណ្តាញអគ្គិសនី នៅកោះអូគីណាវ៉ារបស់ប្រទេសជប៉ុន ហើយបានធ្វើឲ្យគេហដ្ឋានដល់ទៅជាង ២០០.០០០ខ្នង គ្មានអគ្គិសនីប្រើប្រាស់ នៅព្រឹកថ្ងៃពុធ (ទី២ ខែសីហា) នេះ ខណៈព្យុះទីហ្វុង Khanun ដែលមានឥទ្ធិពលខ្លាំង និងធ្វើចលនាយឺតៗ បានបោកបក់មកជិតកោះភាគនិរតីរបស់ប្រទេស ដែលគំរាមកំហែងដល់ការមានភ្លៀងធ្លាក់ខ្លាំង។

គិតមកទល់ពេលនេះ មានសេចក្ដីរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ និងរបួស ១១នាក់ហើយ។ យោងតាមភ្នាក់ងារគ្រប់គ្រងគ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានយានដ្ឋានដែលដួលរលំសង្កត់លើ ហើយបានគាំងបេះដូង។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រោយមកបុរសនោះត្រូវបានគេប្រទះឃើញថា ស្លាប់។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា មនុស្សរាប់រយពាន់នាក់ នៅក្នុងខេត្តត្រូពិចនេះ ដែលជាខេត្តគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ចម្ងាយប្រហែល ១.៦០០គីឡូម៉ែត្រ នៅភាគនិរតីនៃរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុន ត្រូវបានណែនាំឲ្យមានការជម្លៀស ខណៈដែលព្យុះនេះ បានផ្លាស់ទីទៅកាន់ភាគពាយព្យ ក្នុងល្បឿន ១០គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាមគេហទំព័រសេវាផ្គត់ផ្គង់មូលដ្ឋាន Okinawa Electric Power បានឲ្យដឹងថា គ្រួសារចំនួន ២១៨.២៦០គ្រួសារ ឬដែលគ្របដណ្ដប់ ៣៤ភាគរយនៃផ្ទះសម្បែងទាំងអស់ បានដាច់ចរន្តអគ្គិសនី គិតត្រឹមម៉ោង ៩ព្រឹកម៉ោង នៅជប៉ុន។ ក្នុងរដ្ឋធានីណាហា (Naha) របស់កោះអូគីណាវ៉ា អាកាសយានដ្ឋាន ត្រូវបានបិទទាំងស្រុង ដែលជាការបិទសម្រាប់ថ្ងៃទី២ នៅថ្ងៃពុធនេះ។ ជើងហោះហើរជាង ៤០០ ត្រូវបានលុបចោលរួចហើយ គិតត្រឹមពេលព្រឹក ដោយប៉ះពាល់ដល់អ្នកដំណើរយ៉ាងតិច ៦៥.០០០នាក់។
ព្យុះនេះកំពុងតែកើតមានឡើង ក្នុងពេលដែលមានការមមាញឹកនៃរដូវទេសចរណ៍រដូវក្តៅ ដោយឆ្នាំនេះឃើញថា ចំនួនអ្នកដើរកម្សាន្ត បានត្រឡប់មកកម្រិត មុនមានជំងឺរាតត្បាតវិញហើយ។ កោះអូគីណាវ៉ា តែងតែត្រូវបានវាយប្រហារជាញឹកញាប់ ដោយព្យុះទីហ្វុង ប៉ុន្តែជាធម្មតា ច្រើនតែនៅចុងឆ្នាំ៕
