មន្ត្រីតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃអង្គារ (ទី១ ខែសីហា)ថា ប្រទេសប្រេស៊ីល បានអញ្ជើញប្រទេសមកពីអឺរ៉ុប អាស៊ី និងអាហ្រ្វិកកណ្តាល ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលAmazon (អាម៉ាហ្សូន) ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ នៅទីក្រុងបេឡែម(Belem)។

ប្រធាននាយកដ្ឋានបរិស្ថានរបស់ប្រទេសប្រេស៊ីល លោកស្រី ម៉ារៀ អែនជេលីកា អ៊ីកេដា (Maria Angelica Ikeda) បាននិយាយថា កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីតំណាងរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី សាធារណរដ្ឋកុងហ្គោ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ន័រវែស អាល្លឺម៉ង់ បារាំង និងប្រទេសកោះសមុទ្រការ៉ាអ៊ីព សង់ វីនសិនធ៍ (St Vincent) និងហ្គ្រេណាឌីន ( Grenadines) ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ ក្នុងទីក្រុងប្រាស៊ីលីយ៉ា(Brasilia)។

កិច្ចប្រជុំកំពូលនាពេលខាងមុខនេះ គឺជាការកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្លាស់ប្តូរបណ្តាប្រទេស នៃអង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO) ឲ្យធ្វើសកម្មភាពរួមគ្នា ដើម្បីការពារព្រៃឈើ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ដែលត្រូវបានគំរាមកំហែងដោយអ្នកកាប់ឈើខុសច្បាប់ និងអ្នករុករករ៉ែមាស អ្នករត់ពន្ធសត្វ និងអ្នកជួញដូរគ្រឿងញៀន។ ACTO ត្រូវបានចាប់ផ្តើម នៅឆ្នាំ ១៩៧៨ ដោយបូលីវី ប្រេស៊ីល កូឡុំប៊ី អេក្វាឌ័រ ហ្គីយ៉ាណា ប៉េរូ ស៊ូរីណាម និងវ៉េណេហ្ស៊ុយអេឡា។
កិច្ចប្រជុំកំពូលអាម៉ាហ្សូន នឹងប្រមូលផ្តុំក្រុមមេដឹកនាំនៃប្រទេសនៃតំបន់នេះ នៅថ្ងៃទី ៨ និង៩ ខែសីហា នៅទីក្រុងបេឡែម ប្រទេសប្រេស៊ីលភាគខាងជើង។