កងទ័ពអាកាសឈីលីបាននិយាយកាលពីថ្ងៃអង្គារថា សមាជិកចំនួនប្រាំនាក់នៃកងទ័ពអាកាសឈីលី បានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រនៅភាគខាងត្បូងនៃប្រទេសកាលពីយប់ថ្ងៃចន្ទ។

កងទ័ពអាកាសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧទ្ធម្ភាគចក្រប្រភេទ Bell 412 បានធ្លាក់នៅតំបន់ Los Lagos ភាគខាងត្បូងប្រទេសឈីលី កាលពីយប់ថ្ងៃចន្ទ «ហើយមូលហេតុដែលនាំឲ្យមានឧបទ្ទវហេតុនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត»។

យន្តហោះនោះកំពុងធ្វើបេសកកម្មហ្វឹកហាត់ហោះហើរពេលយប់ដោយមាននាវិក៥នាក់ ក្នុងនោះមានអាកាសយានិក២នាក់ បុគ្គលិកអាកាសយានិក២នាក់ និងទាហានឆ័ត្រយោងជួយសង្គ្រោះម្នាក់ ហើយសមាជិកនាវិកទាំងអស់បានស្លាប់នៅកន្លែងកើតហេតុ។
សេចក្តីថ្លែងការណ៍ បាននិយាយថា កងទ័ពអាកាសឈីលីកំពុងផ្តល់ជំនួយ និងការគាំទ្រដល់ក្រុមគ្រួសារនៃអ្នកស្លាប់ក្នុងឧបទ្ទវហេតុនេះ។
ប្រធានាធិបតីឈីលីលោក Gabriel Boric បានកាន់ទុក្ខចំពោះការស្លាប់របស់អាកាសយានិកនៅក្នុងសារមួយ ដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិ ហើយសភាបានធ្វើការគោរពដោយស្ងៀមស្ងាត់មួយនាទីនៅដើមសម័យប្រជុំរបស់ខ្លួនកាលពីថ្ងៃអង្គារផងដែរ៕