ព្រះច័ន្ទពេញវង់របស់ខែសីហា ដែលជា «ព្រច័ន្ទពេញវង់ដ៏ធំ» បានរះឡើងនៅខាងក្រោយប្រាសាទ Poseidon នៃវិហារ Cape Sounion ក្នុងប្រទេសក្រិកកាលពីថ្ងៃអង្គារ (១ សីហា) ដែលជាថ្ងៃដំបូងនៃព្រះច័ន្ទដ៏អស្ចារ្យចំនួនពីរក្នុងខែនេះ។
ក្រុមអ្នកមើលផ្កាយជាច្រើនបានប្រមូលផ្តុំគ្នាជុំវិញប្រាសាទថ្មម៉ាបបុរាណនេះ ដែលមានទីតាំងនៅចំណោតថ្មពីលើសមុទ្រភាគខាងត្បូងនៃទីក្រុងអាថែន ដើម្បីមើលទស្សនីយភាពនេះ។

ទីភ្នាក់ងារអង្កេតតារាសាស្រ្ត The Old Farmer's Almanac បានដកស្រង់ឈ្មោះជាច្រើនដែលបានដាក់ឱ្យព្រះច័ន្ទ ដោយក្រុមជនជាតិដើមអាមេរិក ដែលជាធម្មតាពួកគេពណ៌នាអំពីព្រឹត្តិការណ៍នៅក្នុងធម្មជាតិ ឬទាក់ទងនឹងសត្វព្រៃ។
ព្រះច័ន្ទពេញវង់នៃខែសីហានេះឈ្មោះថា 'Sturgeon'( ស្ទើជិន) ត្រូវបានគេដាក់ឈ្មោះតាមត្រី sturgeon ដ៏ធំ ដែលចាប់បាននៅក្នុងបឹងនៃអាមេរិកខាងជើងនៅរដូវក្តៅ។
ព្រះច័ន្ទ Sturgeon គឺជាព្រះច័ន្ទដំបូងបង្អស់ក្នុងចំណោមព្រះច័ន្ទពេញវង់ដ៏ធំចំនួនពីរនៅក្នុងខែសីហានេះ ដោយព្រះច័ន្ទពេញវង់មួយដួងរំពឹងថានឹងកើតមាននៅថ្ងៃទី៣០ ខែសីហា ខាងមុខនេះ។
ព្រះច័ន្ទពេញវង់ដ៏ធំ គឺជាព្រះច័ន្ទពេញវង់ដែលខិតមកជិតគន្លងផែនដីបំផុត ដែលធ្វើឱ្យព្រះច័ន្ទទាំងនោះហាក់ដូចជាមានទំហំធំជាង និងភ្លឺជាងធម្មតា៕