អ្នកចាត់ការ Liverpool លោក Jurgen Klopp បានបង្ហាញក្តីបារម្ភនៅពេលទីផ្សារទិញកីឡាករនៅអារ៉ាប៊ីសាអ៊ូឌីត បិទយឺតជាងអឺរ៉ុបដល់ទៅ ៣សប្តាហ៍ និងទទូចឱ្យមានចំណាត់ការពី UEFA រឺ FIFA ផងដែរជុំវិញបញ្ហានេះ។
ទីផ្សារទិញកីឡាករនៅអឺរ៉ុបនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ខណៈនៅអារ៉ាប៊ីសាអ៊ូឌីតនឹងបន្តរហូតដល់ថ្ងៃទី២០ ខែកញ្ញា ដែលមានន័យថាក្លិបនៅ Saudi Pro League អាចបន្តទិញកីឡាករពីអឺរ៉ុប រឺ Premier League បន្តទៀតខណៈដែលលីគនៅអឺរ៉ុបចាប់ផ្តើមបណ្តើៗទៅហើយ។

ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតបានស្រូបយកកីឡាករជាច្រើនពីអឺរ៉ុប និង Premier League តាមរយៈទឹកលុយសន្ធឹកសន្ធាប់ ហើយ Liverpool ច្បាស់ណាស់ក៏ជាក្លិបដែលរងឥទ្ធិពលមួយដែរ បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើទាំងពីរ Jordan Henderson និង Fabinho ក្នុងសប្តាហ៍តែមួយ។
បើតាមការការចុះផ្សាយរបស់គេហទំព័រ Trasnfermarkt ឱ្យដឹងថា ក្លិបនៅ Saudi Pro League បានចាយលុយសរុប ៤០៩ លានអឺរ៉ូហើយនៅក្នុងរដូវក្តៅនេះ ឈរចំណាត់ថ្នាក់លេខ ៥ លើលោកសម្រាប់លីគដែលចាយលុយច្រើនជាងគេក្នុងការទិញកីឡាកររដូវកាលនេះ ច្រើនជាងទាំង La Liga អេស្ប៉ាញដែលទើបតែចាយអស់ ២៥៤ លានអឺរ៉ូប៉ុណ្ណោះ។
Premier League កំពុងនាំមុខគេដោយបានចំនាយអស់ ១.៣៧ ពាន់លានអឺរ៉ូហើយគិតត្រឹមពេលនេះ តាមពីក្រោយដោយអ៊ីតាលី Serie A ៥៤៨ លានអឺរ៉ូ បារាំង Ligue1 ៤៥៨ លានអឺរ៉ូ និងអាល្លឺម៉ង់ Bundesliga ៤៥១ លានអឺរ៉ូ៕ អត្ថបទ៖នាង សុភាវុធ
