លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មានថា ជំហររបស់ទីក្រុងវ៉ាស៊ីនតោន លើសហភាពមីយ៉ាន់ម៉ា មិនត្រូវបានផ្លាស់ប្តូរដោយសារការលើកលែងទោសមួយផ្នែករបស់យោធាដែលកំពុងកាន់អំណាច ចំពោះអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលជាប់ពន្ធនាគារ កាលពីថ្ងៃអង្គារ (១ សីហា) ទេ។

លោក Miller បានប្រាប់សន្និសីទសារព័ត៌មានថា នៅតែមាន "វិធានការមួយចំនួន" ដែលយោធាកំពុងកាន់អំណាចរបស់ប្រទេសនេះ "ត្រូវអនុវត្តបន្ថែមទៀត" មុនពេលសហរដ្ឋអាមេរិកអាចផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន។
លោក Miller បានជំរុញម្តងទៀតនូវការអំពាវនាវរបស់ក្រុងវ៉ាស៊ីនតោន ដែលទាមទារឲ្យដោះលែង លោកស្រីស៊ូជី ភ្លាមៗ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងប្រភពព័ត៌មានជាច្រើនបាននិយាយថា យោធាដែលកំពុងកាន់អំណាចរបស់ សហភាពមីយ៉ាន់ម៉ា បានលើកលែងទោសកាលពីថ្ងៃអង្គារដល់លោកស្រី ស៊ូជី លើបទចោទចំនួន៥ករណី ក្នុងចំណោមបទចោទសរុបចំនួន១៩ករណីដែលលោកស្រីត្រូវបានកាត់ទោស ប៉ុន្តែលោកស្រីនឹងនៅតែស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។

ការលើកលែងទោសនេះមានន័យថា រយៈពេលជាប់ទោស៦ឆ្នាំនឹងត្រូវកាត់ចេញពីការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំរបស់លោកស្រីស៊ូជី។
សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលយ៉ាងបង្ហូរឈាមចាប់តាំងពីដើមឆ្នាំ២០២១មក នៅពេលដែលយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ស៊ូជី និងបានដាក់ការបង្រ្កាបលើក្រុមអ្នកប្រឆាំងនៃការគ្រប់គ្រងដោយយោធា ដែលប្រទេសនេះបានឃើញមនុស្សរាប់ពាន់នាក់ត្រូវជាប់គុក ឬត្រូវបានសម្លាប់៕