សហរដ្ឋអាមេរិក បានអញ្ជើញជាផ្លូវការដល់ប្រមុខការបរទេសទើបតែងតាំងឡើងវិញថ្មីៗរបស់ចិន គឺលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់លោក Wang ត្រូវបានដកចេញពីតំណែងយ៉ាងតក់ក្រហល់ដោយទីក្រុងប៉េកាំង។

ប្រទេសចិនបានតែងតាំងអ្នកការទូតជើងចាស់លោក Wang ជាថ្មី កាលពីសប្ដាហ៍មុន ដោយជំនួសតំណែងរបស់អតីតតារាកំពុងរះ លោក ឈីន កាង (Qin Gang ) ដែលគេបានឃើញមុខលោកតែរយៈពេលជាង១ខែជាអវត្តមាន ដ៏អាថ៌កំបាំង បន្ទាប់ពីកាន់តំណែង៧ខែ ដែលនាំឲ្យមានការចោទជាសំណួរជាច្រើនអំពីតម្លាភាព។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានប្រាប់សន្និសីទសារព័ត៌មានថាការអញ្ជើញទៅកាន់លោក Wang ត្រូវបានបន្តកាលពីថ្ងៃចន្ទ ក្នុងអំឡុងកិច្ចប្រជុំនៅក្រសួងការបរទេសរវាងឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោកដានីញែល គ្រីធិនប្រ៊ីង(Daniel Kritenbrink) និងលោក យ៉ាង ថាវ(Yang Tao)ប្រមុខកិច្ចការអាមេរិកខាងជើង និងអូសេអានី នៅក្រសួងការបរទេសចិន ។
លោក Miller បាននិយាយថា នៅក្នុងកិច្ចប្រជុំកាលពីមួយថ្ងៃមុន យើងបានបន្តការអញ្ជើញដែលត្រូវបានធ្វើឡើងកាលពីកន្លងទៅ ចំពោះរដ្ឋមន្ត្រីការបរទេសលោកឈីន កាង (Qin Gang) ហើយបានបញ្ជាក់យ៉ាងច្បាស់ថាលិខិតអញ្ជើញបានផ្ញើទៅរួចហើយ៕