ដោយសារតែរលកកំដៅនៅទូទាំងប្រទេស រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសថ្ងៃឈប់សម្រាប់របស់ជាតិនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។
រដ្ឋាភិបាលអះអាងថា វិធានការនេះគឺដើម្បីការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលកំណើនសីតុណ្ហភាពនៅតែបន្តបង្កហានិភ័យដល់សុខភាព ទោះបីជាវិធីសាស្រ្តនោះបានបង្កជាចម្ងល់ទាក់ទងនឹងការត្រៀមខ្លួនរបស់ប្រទេសសម្រាប់វិបត្តិអាកាសធាតុ ស្របពេលប្រព័ន្ធសុខាភិបាលកំពុងជួបវិបត្តិរួចហើយក៏ដោយ។

លោក Ali Bahadori Jahormi អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅក្រសួងសុខាភិបាលបាននិយាយលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារក្នុងការប្រកាសការសម្រេចនេះថា «ដោយមើលឃើញពីកំណើនកម្ដៅដែលមិនធ្លាប់មានពីមុនមកក្នុងថ្ងៃនេះ ហើយដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានយល់ព្រមលើសំណើរបស់ក្រសួងសុខាភិបាល ក្នុងការឲ្យប្រជាជនឈប់សម្រាកជៀសវាងការចេញក្រៅនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍នៅទូទាំងប្រទេស»។
លោក Sadegh Ziyaian ប្រធានមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ និងការគ្រប់គ្រងវិបត្តិនៃហានិភ័យអាកាសធាតុ បានរាយការណ៍ពីកំណើននៃសីតុណ្ហភាពគួរឱ្យព្រួយបារម្ភ។ ជាពិសេសទីក្រុង Ahvaz ភាគខាងត្បូងត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពឡើងដល់៥០អង្សាសេ និង៥១អង្សាសេក្នុងអំឡុងថ្ងៃអង្គារ និងថ្ងៃពុធ ដែលក្លាយជាតំបន់ក្តៅបំផុតនៃខេត្តនេះផងដែរ៕
