ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលចុះបំពេញបេសកកម្មជួយជួសជុល នឹងសាងសង់អគារសាលាបឋមសិក្សាសំរោង ស្ថិតក្នុងភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។
នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងអំណរគុណ នឹងការកោតសរសើរ ហើយវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងាររបស់ ក្រុមនិស្សិតស្ម័គ្រចិត្តបារាំង លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរស្រុកទាំងអស់គ្នា។ ការខិតខំរបស់ក្រុម និស្សិតស្ម័គ្រចិត្ត លោកគ្រូ អ្នកគ្រូ គឺបានរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ឯកឧត្តមបន្តថា ការងារស្ម័គ្រចិត្តរបស់និស្សិតមកពីប្រទេសបារាំងនេះ បានផ្តល់នូវ ចំណេះដឹងទូលំទូលាយដែលយើងមិនធ្លាប់ជួបប្រទះ ជាពិសេសវាផ្ដល់ឱកាសឲ្យពួកគេ ប្រាស័្រយទាក់ទងជាមួយមនុស្សនៅក្នុងសង្គម ដែលមានជំនាញចំណេះដឹងចំណង់ចំណូលចិត្ត ខុសៗគ្នា បង្កើតចំណងមិត្តភាព និងសម្ថតភាពការងារជាក្រុម ចែករំលែកចំណេះដឹងថ្មីៗ បទ ពិសោធន៍ដែលខ្លួនមិនធ្លាប់មាន តាមរយៈការចូលរួមសកម្មភាពដោះស្រាយបញ្ហា និងការសិក្សា កែលម្អគ្នាទៅវិញទៅមក។
បន្ថែមពីនេះឯកឧត្តមក៏បានជំរុញឱ្យ អាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ត្រូវចូលរួមសហការជាមួយនិស្សិតបារាំងទាំងអស់ អោយបានផុសផុលដើម្បីពន្លឿនការសាងសង់អគារនេះ ដើម្បីឆាប់បានសិស្សានុសិស្សចូលសិក្សារៀនសូត្រ។
ជាមួយនេះ ក្រុមនិស្សិតស្ម័គ្រចិត្តបារាំងទាំងអស់ បានសំដែងនូវការសប្បាយរីករាយចំពោះវត្តមានរបស់ ឯកឧត្តមអភិបាលខេត្តនាឱកាសនោះ នឹងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ដែលផ្តល់ កន្លែងស្នាក់នៅ ហូបចុក និងសន្តិសុខផ្សេងៗទៀតជូនពួកគេផងដែរ។
នៅថ្ងៃដដែលនេះដែរ ឯកឧត្តមអភិបាលខេត្ត បានដឹកនាំសហការីបានចុះពិនិត្យប្រព័ន្ធ ធារាសាស្រ្តទំនប់ស្រីស្នំ ស្ថិតនៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ដែលបានហូរច្រោះដាច់ខ្នង ទំនប់ប្រវែង ៥ម៉ែត្រ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានក្រុមការងារមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ សម្រេចការងារជួសជុលរួចរាល់ទាំងស្រុងកាល ពីពេលថ្មីៗនេះ៕














