ក្រុមប្រឹក្សាមាសពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ធនាគារកណ្តាលពិភពលោកបានទិញមាសចំនួន ៣៨៧តោននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលជាកំណត់ត្រាខ្ពស់ចាប់តាំងពីឆ្នាំ២០០០មក ពេលកំណត់ត្រាមាសបានចាប់ផ្តើម។

របាយការណ៍និន្នាការតម្រូវការមាសចុងក្រោយរបស់ក្រុមប្រឹក្សាបង្ហាញថា តម្រូវការមាសសកលនៅក្នុងឆមាសទីមួយនេះ បានកើនឡើងចំនួន៥ភាគរយដល់២.៤៦០តោន។ ក្នុងចំណោមនោះ ការបញ្ជាទិញរបស់ធនាគារកណ្តាលត្រូវបានគេរាយការណ៍ក្នុងកម្រិតខ្ពស់បំផុតគឺចំនួន ៣៨៧ តោន។ តម្រូវការដុំមាស និងកាក់មាសមានចំនួន៥៨២តោន ខណៈដែលការប្រើប្រាស់គ្រឿងអលង្ការមាសបានកើនឡើងដល់ចំនួន៩៥១តោន។
យោងតាមរបាយការណ៍នោះបានឲ្យដឹងថា តម្រូវការមាស និងកាក់មាសរបស់ប្រទេសចិនបានកើនឡើងចំនួន៣៣ភាគរយបើធៀបនឹងឆ្នាំមុន ដល់ចំនួន១១៥តោន ដែលស្មើនឹងតួលេខ២០ភាគរយនៃចំនួនសរុបទូទាំងពិភពលោក។
លោក Wang Lixin នាយកគ្រប់គ្រងនៃក្រុមប្រឹក្សាមាសពិភពលោកនៅក្នុងប្រទេសចិនបាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ រួមទាំងប្រទេសសិង្ហបុរី និងសហភាពអឺរ៉ុបបានក្លាយជាអ្នកទិញមាសដ៏សំខាន់ ជំនួសឲ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន។
របាយការណ៍នេះបាននិយាយថា ឆមាសទីមួយនៃឆ្នាំ២០២៣នេះ ក៏បានរាយការណ៍ពីការផលិតរ៉ែមាសរួមគ្នាចំនួន១.៧៨១តោន ដែលខ្ពស់ជាងពីរភាគរយធៀបនឹងកំណត់ត្រាមុនដែលបានកត់ត្រាកាលពីឆ្នាំ២០១៨៕
