ភ្នំពេញ៖ នៅក្នុងអំឡុងពេលដែលកម្ពុជា កំពុងអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជា ឆ្នាំ២០២៣ » ក្រសួងទេសចរណ៍បានប្រកាសក្រើនរំលឹកឲ្យបណ្តាអាជីវកម្មទេសចរណ៍នានាទៀត ចូលរួមអនុវត្តចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមឋ ដើម្បីជំរុញការប្រកួតប្រជែង និងធានាការផ្តល់សេវាកម្មឱ្យកាន់តែល្អ សេវាកម្មរហ័ស មានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បើតាមលោក គីម សេរីរដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងម្ហូបអាហារ នៃក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTVនៅថ្ងៃទី២ ខែសីហានេះថា ចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺបានចាប់ផ្តើមអនុវត្តតាំងពីខែមីនា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានអាជីវកម្មទេសចរណ៍ចំនួនជាង ៧០អាជីវកម្ម ដែលភាគច្រើនជាអាជីវកម្មភោជនីយដ្ឋាន និងសណ្ឋាគារ បានដាក់ពាក្យចូលរួមប្រឡងប្រណាំង ហើយលោកក៏បានស្នើអាជីវកម្មទេសចរណ៍នានាទៀតចូលរួមថែមទៀត ខណៈចលនាប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមនេះ នឹងត្រូវបានប្រកាសលទ្ធផល នៅដំណាច់ឆ្នាំ២០២៣នេះ។
បើតាមភោជនីយដ្ឋានយីសាង សាខាRiverside នៅរាជធានីភ្នំពេញ លោកស្រី ជឹម ស៊ីណា ថ្លែងថា ភោជនីយដ្ឋានយីសាង គឺបានដាក់ពាក្យចូលរួមប្រឡងប្រណាំងអាជីវកម្មទេសចរណ៍ឆ្នើមនេះរួចហើយ ហើយបច្ចុប្បន្ន យើងកំពុងបានអនុវត្តតាមគោលការណ៍ប្រឡងប្រណាំង៥ចំណុច របស់IBEST(អាយបេស) សំដៅធានាបាននូវសេវាកម្មរហ័ស ងាយស្រួល ទំនុកចិត្ត ភាពជឿជាក់ គុណភាព សុវត្ថិភាព ភាពបៃតង និងតម្លៃសមរម្យ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា នៅក្នុងសកម្មភាពអនុវត្តយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ គឺមានសកម្មភាពដែលជាវិធានការគោលនយោបាយត្រូវអនុវត្តចំនួន១៩ចំណុច ក្នុងនោះ វិធានការចលនាប្រឡងប្រណាំង អាជីវកម្មទេសចរណ៍ឆ្នើម គឺស្ថិតក្នុងចំណុចទី៩ ដែលត្រូវជំរុញចលនាឲ្យវិស័យសាធារណៈ និងឯកជន រួមគ្នាកំណត់តម្លៃសមរម្យ ផ្តល់សេវាមានគុណភាព ភាពជឿជាក់ ភាពទាក់ទាញ និងការប្រកួតប្រជែង ក្នុងវិស័យទេសចរណ៍៕អត្ថបទ ស៊ុម សុខជា