អាហ្វ្រិក៖ រដ្ឋមន្ត្រីជាច្រើននៅទ្វីបអាហ្វ្រិក ត្រូវបានព្រមានថា ស្ត្រីរាប់ពាន់នាក់នៅក្នុងទ្វីបអាហ្រ្វិកនឹងស្លាប់ក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូន ដោយសារតែការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសរបស់ចក្រភពអង់គ្លេស។
យោងតាមការវាយតម្លៃផ្ទៃក្នុងរបស់មន្ត្រីរាជការ ស្ត្រីជិត២០០.០០០នាក់ទៀតក៏នឹងប្រឈមមុខនឹងការរម្លូតកូនដោយមិនមានសុវត្ថិភាពផងដែរ។

របាយការណ៍ទាំងនោះ បង្ហាញពីផលប៉ះពាល់នៃការកាត់បន្ថយថវិកាជំនួយក្រៅប្រទេសនៅឆ្នាំនេះ។ ការិយាល័យក្រសួងបរទេសរបស់ចក្រភពអង់គ្លេសនិយាយថា ថវិការបស់ខ្លួនសម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបត្រូវបានកាត់បន្ថយក្នុងរយៈពេលខ្លី ដើម្បីឈានដល់គោលដៅសន្សំ ប៉ុន្តែបន្ទាប់មកជំនួយនឹងកើនឡើងជិតទ្វេដង។
ឯកសារផ្ទៃក្នុងនិយាយថា ការកាត់បន្ថយជំនួយចំនួន ៧៦% សម្រាប់អាហ្វហ្គានីស្ថាន នឹងធ្វើឱ្យស្ត្រី និងកុមារីជាច្រើនដែលងាយរងគ្រោះបំផុតក្នុងពិភពលោកមួយចំនួនមិនទទួលបានសេវាសុខភាពសំខាន់ៗ ហើយស្ត្រីនិងកុមារកន្លះលាននាក់នៅប្រទេសយេម៉ែននឹងមិនទទួលបានការថែទាំសុខភាពទេ។
ការសម្រេចនេះកើតឡើងនៅក្នុងការវាយតម្លៃមួយ ដែលធ្វើឡើងដោយមន្ត្រីរាជការការិយាល័យក្រសួងការបរទេសអង់គ្លេសកាលពីដើមឆ្នាំនេះ ដើម្បីជូនដំណឹងដល់បណ្ដារដ្ឋមន្ត្រីនានាក្នុងទ្វីបអាហ្វ្រិក មុនពេលពួកគេសម្រេចកាត់បន្ថយជំនួយ៕
