ជប៉ុន៖ រដ្ឋាភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសស្វីសគ្រោងនឹងលុបចោលការរឹតបន្តឹងការនាំចូលដែលខ្លួនបានដាក់កាលពីថ្ងៃទី១៥ ខែសីហា លើផលិតផលម្ហូបអាហារពីផ្នែកខ្លះនៃប្រទេសជប៉ុន បន្ទាប់ពីគ្រោះមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា កាលពីឆ្នាំ២០១១មក។

ប្រទេសស្វីសនឹងដើរតាមគន្លងរបស់សហភាពអឺរ៉ុប ដោយនឹងដកចេញនូវការរឹតបន្តឹងដែលនៅសេសសល់ ដែលតម្រូវឱ្យមានការធ្វើតេស្តវិទ្យុសកម្មលើផលិតផលកសិកម្ម និងនេសាទមួយចំនួនពីខេត្តចំនួន១០ រួមទាំងខេត្ត ហ្វ៊ូគូស៊ីម៉ា នៅថ្ងៃព្រហស្បតិ៍ (៣ សីហា) នេះ។
ឯកអគ្គរដ្ឋទូតស្វីសប្រចាំប្រទេសជប៉ុន លោក Andreas Baum បានប្រាប់អភិបាលខេត្ត ហ្វ៊ូគូស៊ីម៉ា លោក Masao Uchibori អំពីការសម្រេចដកការរឹតបន្តឹង នៅពេលដែលពួកគេបានជួបគ្នានៅស្ថានទូតស្វីសក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទ នេះបើយោងតាមរដ្ឋាភិបាលខេត្ត។
នៅអាស៊ី ប្រទេសចិន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ រក្សាការរឹតបន្តឹងការនាំចូលលើផលិតផលអាហារជប៉ុន។
ប្រទេសចិន និងទីក្រុងហុងកុងបានពង្រឹងការត្រួតពិនិត្យវិទ្យុសកម្មនៃការនាំចូលអាហារសមុទ្រពីប្រទេសជប៉ុន មុនពេលគម្រោងការបញ្ចេញសំណល់ទឹកវិទ្យុសកម្មដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួចពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូច ចូលទៅក្នុងសមុទ្រផងដែរ៕
