ចិន៖ របាយការណ៍នានាដែលថា ប្រទេសចិន រារាំងកិច្ចពិភាក្សាលើការដោះស្រាយបម្រែបម្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 កាលពីសប្តាហ៍មុននៅក្នុងប្រទេសឥណ្ឌាគឺពុំមែនជាការពិតទាំងស្រុង។
បន្ទាប់ពីរយៈពេល៣ថ្ងៃ នៃកិច្ចពិភាក្សា លើបញ្ហាជាច្រើន ដូចជាការកាត់បន្ថយការបំភាយឧស្ម័ន និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ព្រមទាំងហិរញ្ញវត្ថុអាកាសធាតុដើម្បីជួយដល់បណ្តាប្រទេសក្រីក្រ ក្រុមនៃប្រទេសធំៗទាំងនេះ ពុំបានឈានដល់ការចេញសេចក្តីថ្លែងការរួមឬផ្តល់ការសន្យាថ្មីណាមួយនោះទេ។

ក្រុមប្រទេសទាំងនេះ បានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការមួយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេថា វិធានការនានាដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ គឺមិនគ្រប់គ្រាន់នោះទេ។
សមាជិកនៃគណៈប្រតិភូសហភាពអឺរ៉ុប បាននិយាយថា ប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីតជាប្រទេសសំបូរប្រេង បានដកខ្លួនចេញពីការធ្វើការប្តេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំ ប៉ុន្តែប្រទេសចិន បានច្រានចោលបញ្ហានេះ។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការថា ខ្លួនមានការសោកស្តាយនូវការដែលពុំបានឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងប្រជុំ ដែលបណ្តាលមកពីបញ្ហានយោបាយភូមិសាស្ត្រនយោបាយ នាំមកដោយប្រទេសដ៏ទៃទៀតសម្រាប់ភាពគ្មានហេតុផល៕
