ភ្នំពេញ ៖ លោក វឿន វុទី្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ អមដំណើរជាមួយមន្រី្តជំនាញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ បានប្រគល់បង្គោលបោះកំណត់ដែនរក្សាការពារបុរាណដ្ឋាន(តំបន់ការពារសម្បតិ្តបេតិកភណ្ឌវប្បធម៌ជាតិ) ជូនដល់ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ។
លោក វឿន វុទី្ធ បានលើកឡើងថា ក្រសួងវប្បធម៌ កំពុងពង្រឹងផ្នែកភាគខាងលិចប្រទេស ដើម្បីបញ្ជូនបង្គោលមកបោះកំណត់ដែនរក្សាការពារបុរាណដ្ឋាន ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយបច្ចុប្បន្ននេះមានចំនួនជាង១ពាន់បុរាណដ្ឋាន។ ទន្ទឹមនឹងនោះមន្រី្តជំនាញ ក៏កំពុងតែញាប់ដៃ ញាប់ជើងបោះបង្គោល ដើម្បីគ្រប់គ្រងបុរាណដ្ឋាន ដែលមានចំនួនរហូតដល់ជាង១ម៉ឺនបុរាណដ្ឋាន នៅទូទាំងប្រទេសផងដែរ។
លោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា ចន្លោះឆ្នាំ២០១៦-២០២២ មន្ត្រីជំនាញ បានធ្វើកំណាយស្រាវជ្រាវ កំណាយសង្រ្គោះ និងកំណាយបង្កា បានចំនួន៣៦ស្ថានីយ ក្នុងនោះនាយកដ្ឋានធ្វើកំណាយផ្ទាល់ មានចំនួន១៥ស្ថានីយ និងផលិតបង្គោលបោះ ការពារស្ថានីយសរុបចំនួន១៨០០បង្គោល(រយៈពេល៥ឆ្នាំ)។ ជាពិសេសបានចុះបញ្ជីសារពើភណ្ឌធ្វើសាលកបត្រ ចាត់ថ្នាក់កំណត់ដែនរក្សាការពារស្ថានីយជាគំរូបានចំនួន៩ ខេត្ត/ស្រុក ស្មើនិង១៨៧២ស្ថានីយ និងមនី្ទរចុះធ្វើសាលកបត្រ ២៧៣៥ស្ថានីយ និងចូលរួមដោះស្រាយវិវាទការរំលោភយកដីស្ថានីយ និងការប្រើប្រាស់ដីស្ថានីយដោយខុសច្បាប់បានចំនួន៤៨ករណី ព្រមទាំងចូលរួមផ្សព្វផ្សាយច្បាប់ការពារបេតិកភណ្ឌបានចំនួន៣៦ទីតាំង ដែលប្រឈម និងការបំផ្លិចបំផ្លាញស្ថានីយ ដូចជា៖ រាជធានីភ្នំពេញ ៣ទីតាំង, ខេត្តកណ្តាល ៧ទីតាំង, ខេត្តព្រៃវែង ៥ទីតាំង, ខេត្តតាកែវ ៤ទីតាំង, ខេត្តកំពង់ស្ពឺ ២ទីតាំង, ខេត្តក្រចេះ ៤ទីតាំង, ខេត្តស្ទឹងត្រែង ៥ទីតាំង, ខេត្តពោធិ៍សាត់ ១ទីតាំង និងខេត្តបន្ទាយមានជ័យ ១ទីតាំងផងដែរ៕ អត្ថបទ៖ រដ្ឋា









