
ការិយាល័យប្រធានាធិបតីទុយនីស៊ី បានឲ្យដឹងនៅព្រឹកថ្ងៃពុធ (ទី២ ខែសីហា) នេះ ថា ប្រធានាធិបតីទុយនីស៊ី លោក Kais Saied បានតែងតាំងលោក Ahmed Hachani ជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកស្រី Najla Bouden ដែលបានបញ្ចប់តួនាទីរបស់លោកស្រី។
ការតែងតាំងលោក Hachani ដែលបម្រើការជានាយកធនធានមនុស្សនៅធនាគារកណ្តាលរបស់ទុយនីស៊ី កើតឡើង ក្នុងពេលមានវិបត្តិសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរ នៅក្នុងប្រទេសនេះ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោកប្រធានាធិបតី បានស្តីបន្ទោសម្តងហើយម្តងទៀតដល់មន្ត្រី និងរដ្ឋាភិបាលដោយនិយាយថា ពួកគេត្រូវតែធ្វើសកម្មភាព ដើម្បីដោះស្រាយបញ្ហានានា និងសេវាសាធារណៈមិនល្អ ក្នុងនោះរួមទាំងការដាច់ទឹក និងអគ្គិសនីញឹកញាប់។
លោគ Saied បានតែងតាំងលោកស្រី Bouden ជានាយករដ្ឋមន្ត្រីប្រហែល ២ឆ្នាំមុន បន្ទាប់ពីលោកប្រធានាធិបតី បានបញ្ចប់តំណែងនាយករដ្ឋមន្ត្រីលោក Hichem Mechichi និងបានក្ដោបក្ដាប់អំណាចស្ទើរតែទាំងអស់ នៅក្នុងខែកក្កដា ឆ្នាំ២០២១ និងបានរំលាយសភា ក្នុងចលនាមួយ ដែលក្រុមប្រឆាំង បានពិពណ៌នាថា ជារដ្ឋប្រហារ៕