មន្ត្រីអ៊ុយក្រែន បាននិយាយថា យានដ្រូនរបស់រុស្ស៊ី បានវាយប្រហារបំផ្លាញកំពង់ផែ និងទីតាំងស្តុកគ្រាប់ធញ្ញជាតិនៅភាគខាងត្បូងតំបន់ឆ្នេរ Odesa របស់អ៊ុយក្រែន នៅព្រឹកថ្ងៃពុធនេះ បណ្តាលឲ្យទីតាំងស្តុកមួយចំនួនបានឆាបឆេះ។
វីដេអូ ដែលត្រូវបានចេញផ្សាយដោយទីបញ្ជាការប្រតិបត្តិការភាគខាងត្បូងរបស់អ៊ុយក្រែន បានបង្ហាញក្រុមពន្លត់អគ្គិភ័យ កំពុងធ្វើការនៅលើទីតាំងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញនៅក្នុងកំពង់ផែ Izmail តំបន់ Odesa។
សារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ពីទីតាំងកំពង់ផែ Izmail ពីទីតាំងនៃអគារ និងរបង ត្រូវបានគេមើលឃើញនៅក្នុងវីដេអូ ដែលត្រូវគ្នាជាមួយផ្កាយរណបនិងរូបភាពឯកសារនៅតំបន់នោះ។
Izmail គឺជាកំពង់ផែសំខាន់មួយ នៅតំបន់ដីសណ្តរ Danube(ដានូប៊ី) ជាកន្លែងដែលគ្រាប់ធញ្ញជាតិអ៊ុយក្រែនត្រូវបាននាំចេញដោយនាវាទៅកាន់កំពង់ផែ Constanta សមុទ្រខ្មៅប្រទេសរ៉ូម៉ានី សម្រាប់ការដឹកជញ្ជូនបន្ត។
កំពង់ផែទន្លេ Danube របស់អ៊ុយក្រែន បានក្លាយជាខ្សែជីវិតដ៏សំខាន់សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន បន្ទាប់រុស្ស៊ីចាកចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅកាលពីពាក់កណ្តាលខែកក្កដា។