
មន្ត្រីរដ្ឋាភិបាលប្រេស៊ីលបីរូប បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រទេសប្រេស៊ីល បានទប់ទល់នឹងការប្រមូលកម្លាំងនៅក្នុងក្រុមប្រទេសBRICS ជាក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗ ដើម្បីបន្ថែមប្រទេសជាសមាជិកថែមទៀត ប៉ុន្តែការជជែកដេញដោលអំពី លក្ខណៈវិនិច្ឆ័យនៃការអនុញ្ញាតឲ្យចូល ហាក់ដូចជាជៀសផុតនៅក្នុងកិច្ចប្រជុំកំពូលនៅខែនេះ។
ក្រុមនេះ រួមមានប្រទេសរុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ត្រូវបានអ្នកខ្លះសរសើរថា ជាអ្នកប្រឆាំងនឹងវេទិកាការទូតបែបប្រពៃណីដូចជាក្រុមប្រទេស G7 ជាដើម។ BRICS ធ្វើការសម្រេចចិត្តដោយការព្រមព្រៀងជាឯកច្ឆន្ទ ដូច្នេះការយល់ព្រមរបស់ប្រេស៊ីល នឹងមានសារៈសំខាន់ក្នុងការពង្រីកខ្លួន។
ប្រទេសចិន ដែលសម្លឹងរកការបង្កើនឥទ្ធិពលនយោបាយរបស់ខ្លួន នៅពេលមានភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក បានជំរុញជាយូរមកហើយ ដើម្បីពង្រីកសមាជិកភាពBRICS ។ ប្រទេសរុស្ស៊ីដែលឯកាខាងការទូតជុំវិញសង្គ្រាមនៅអ៊ុយក្រែន ក៏កំពុងទទួលយកឱកាសបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តដែរ។
ប្រភពជាច្រើន បានឲ្យដឹងថា អាហ្រ្វិកខាងត្បូងដែលជាប្រធានក្រុមប្រទេសទាំងនេះនៅឆ្នាំនេះ បានរៀបចំកិច្ចប្រជុំ «មិត្តរបស់ BRICS» កាលពីខែមិថុនា ជាមួយនឹងប្រទេសមួយចំនួនដែលចង់ចូលរួម។ សូម្បីតែប្រទេសឥណ្ឌា ដែលមានការប្រុងប្រយ័ត្នជាយូរចំពោះការពង្រីកខ្លូនយ៉ាងឆាប់រហ័ស ប្រហែលជាអាចទទួលយក និងគាំទ្រ គំនិតនេះ ជាគោលការណ៍។