មណ្ឌលគិរី ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៥៣១នាក់ ចុះអប់រំ ពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួនប្រមាណ៣៨៩៧នាក់ នៅវិទ្យាល័យ ហ៊ុន សែន កោះញែក ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំងមានអាហារសាមគ្គី ចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ។
ថ្លែងក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដឹកនាំដោយ ឯកឧត្តម លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ សម្រាប់ការពិនិត្យ ព្យាបាលជំងឺជូនពលរដ្ឋ នាពេលនេះ រួមមាន ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូច និងព្យាបាលរបួស។
ជាមួយគ្នានោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី បានយកចិត្តទុកដាក់គិតគូរដល់សុខភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ក៏ដូចជា ប្រជាពលរដ្ឋនៅទូទាំងប្រទេស សម្រាប់ខេត្តមណ្ឌលគិរី ពិតជាមានកិតិ្តយសណាស់ ហើយក៏ជាលើកដំបូងសម្រាប់ខេត្តផងដែរ។
ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អនុប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឲ្យដឹងដែរថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានលទ្ធភាពចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋតាមតំបន់មូលដ្ឋានដាច់ស្រយាល តាមខ្នងផ្ទះដោយផ្ទាល់នេះ គឺដោយសារតែមានការគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់បងប្រធាន ហ៊ុន ម៉ានី ដោយលោកបានគាំទ្រ ណែនាំ និងចង្អុលបង្ហាញប្រកបដោយសមានធម៌ ភាពឈ្លាសវៃ និងប្រកបដោយថាមពលដើម្បីអោយសកម្មភាពមនុស្សធម៌នេះកើតមានក្នុងន័យចង់ឃើញជនរួមជាតិមានសុខភាពល្អ៕




