ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។
ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់មូល មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះ ផុស ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។គម្រោងនេះបានរួមបញ្ចូលនូវការសាងសង់ស្ពានវែងឆ្លងកាត់ទន្លេបាសាក់ចំនួន២កន្លែង ប្រវែងសរុប ៩៩៦ម៉ែត្រ ដែលក្នុងនោះ ស្ពានខាងកើតមានប្រវែង ៦៣០ ម៉ែត្រ និងស្ពានខាងលិច មានប្រវែង ៣៦៦ម៉ែត្រ ស្ថិតនៅក្នុង ភូមិ សាស្រ្ត កោះអន្លង់ចិន និងត្រូវបានប្រសិទ្ធនាមថាជា «ស្ពានមិត្ត ភាព កម្ពុជា - ចិន កោះអន្លង់ចិន»។ បន្ថែមពីលើនេះ គម្រោងនេះក៏បានសាងសង់ ផងដែរនូវ ស្ពាន រំលង ឬស្ពានអាកាស(Flyover) ចំនួន ២កន្លែង ប្រវែងសរុប ៥៦៤ ម៉ែត្រ កាត់ពីលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២១, ស្ពានរំលងប្តូរទិស(Interchange) ចំនួន ២កន្លែងប្រវែងសរុប ៤៤០ម៉ែត្រ កាត់ពីលើផ្លូវជាតិ លេខ២ និងផ្លូវជាតិលេខ៣, និងស្ពានមធ្យម និងខ្លី ចំនួន ១១កន្លែង ប្រវែង សរុប ៥៦៨ម៉ែត្រ, និងការរៀបចំទីតាំង សម្រាប់រថយន្ត បត់ត្រឡប់ក្រោយ(U-Turn) ព្រមទាំងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ បង្គោលភ្លើងបំភ្លឺផ្លូវ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិ ភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។
គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥២ ខែ និងបានបញ្ចប់ការសាងសង់ ជាស្ថាពរកាលពី អំឡុងខែមិថុនា ឆ្នាំ ២០២៣ ដោយបានប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណជាង ២៧៣ លាន ដុល្លារ អាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាត គ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលជាតិធំៗ និងសំខាន់ៗជាច្រើន នៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាងឡើងនៅក្នុង យុគសម័យ តេជោ សន្តិភាព និងជាចំណងដៃដ៏ពិសិដ្ឋថ្លៃថ្លា របស់រាជរដ្ឋាភិបាលជូនដល់ ប្រជាពលរដ្ឋ នៅទូទាំងប្រទេសដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី បន្ថែមថា ផ្លូវក្រវាត់ក្រុងទី៣នេះ គឺជាដង្ហើមសេដ្ឋកិច្ចដ៏មាន សក្តានុពលថ្មីមួយ បន្ថែមទៀតរបស់កម្ពុជាបើនិយាយជារួម និងរបស់រាជធានី ភ្នំពេញ និងខេត្តកណ្តាល បើនិយាយដោយឡែក ដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវសំខាន់ៗរួមមានដូចជា៖ មួយផ្នែកតភ្ជាប់ ជាមួយ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ២ និងមួយផ្នែកទៀត តភ្ជាប់ជាមួយផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ៤ និងតភ្ជាប់ជាមួយមហាវិថីឈ្នះ-ឈ្នះខាងលិច(ផ្លូវទំនប់កប់ស្រូវ) ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ស្ពានព្រែកព្នៅ និងមហាវិថីឈ្នះ-ឈ្នះខាងកើត រហូតទៅដល់ផ្លូវជាតិលេខ៦ ព្រមទាំងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវមួយ ចំនួន ផ្សេងទៀត។ បន្ថែមពីលើនេះ ផ្លូវនេះ គឺជាខ្សែផ្លូវវាងក្រុងថ្មី ដែលនឹងជំរុញ បន្ថែម នូវសក្តានុពលនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ជាពិសេសការដឹក ជញ្ជូន ទំនិញចេញ-ចូលកំពង់ផែស្វយ័តភ្នំពេញ និងសម្រួលដល់ ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់ រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេល វេលា ធ្វើដំណើរ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងទៀតថា ផ្លូវក្រវាត់ក្រុងនេះ បាននិងកំពុងប្រែ ក្លាយ តំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ លំនៅឋាន បុរី តំបន់ភស្តុភារកម្មនិងឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ ឃ្លាំងស្តុក ទំនិញ ដែលស្របទៅនឹងផែនការរៀបចំបន្ស៊ីការគ្រប់គ្រងដី ការអភិវឌ្ឍថ្មី និង ការការពារតំបន់នីមួយៗនៃរាជធានីភ្នំពេញ ឱ្យមានភាព សុខដុមរមនា ជាមួយគ្នានិងឱ្យស្របទៅនឹងលក្ខខណ្ឌ និងផែនការមេនៃការរៀបចំដែនដីរបស់ប្រទេស ដែលបច្ចុប្បន្ននេះ រាជធានីភ្នំពេញ និងតំបន់ជាយក្រុងកំពុងត្រូវ បានពង្រីក កាន់តែធំទៅៗ ទៅតាមកំណើនប្រជាជន និងការអភិវឌ្ឍឥតឈប់ឈរ។
ម្យ៉ាងវិញទៀត សម្រាប់ការតភ្ជាប់ និងសមាហរណកម្មតំបន់ ផ្លូវក្រវាត់ក្រុ ង នេះ បានតភ្ជាប់ជាមួយនឹងផ្លូវអាស៊ានហាយវេលេខ១(AH-1) និងផ្លូវអាស៊ាន ហាយ វេ លេខ១១(AH-11) និងផ្លូវរបៀងសេដ្ឋកិច្ចភាគកណ្តាល និងភាគខាង ត្បូងនៃមហាអនុតំបន់មេគង្គ ដែលរួមចំណែកសម្រួលការដឹក ជញ្ជូនឆ្លងកាត់ ព្រំដែន ជំរុញសកម្មភាពពាណិជ្ជកម្មអន្តរជាតិ និងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព៕