ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវ ក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។
ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើរាជធានីភ្នំពេញ មិនមានការរីកចម្រើនទេ យើងមិនមានការចាំបាច់ណាមួយដើម្បីបើកឱ្យមានការស្ថាបនាផ្លូវក្រវាត់ក្រុទី១,ទី២ និងទី៣ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ គឺដើម្បីបំពេញតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋដែលកំពុងមានតម្រូវការ ខណៈពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចូលរួមដោះស្រាយបញ្ហានានា ដោយបានទទួលយកនូវសំណង និងយល់ព្រមលក់ដីដល់អាជ្ញាធរ រហូតឈានទៅស្ថាបនាផ្លូវក្រវាត់ក្រុងទី៣នេះ បានរួចរាល់ជាស្ថាបពរ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ អាចជាពេលវេលាចុងក្រោយ ដែលសម្ដេចថ្លែងជាសាធារណៈ ក្នុងតំណែងជានាយករដ្ឋមន្រ្ដី នៃកម្ពុជាជន។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ដ៏ច្រើន ដែលមានចំនួន៨៤,៥៨ភាគរយ ដែលចំនួនច្រើនជាងការបោះឆ្នោតនាពេលកន្លងមក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ប្រជាពលរដ្ឋថា ការចាកចេញពីតំណែងនាយករដ្ឋមន្រ្ដីរបស់សម្ដេចនាពេលខាងមុខ(ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣) គឺមិនមែនជាការចាកចេញដោយរត់ចោលស្រុកនោះទេ សម្ដេចនៅតែបន្តនៅជាមួយប្រជាជនកម្ពុជាជារៀងរហូត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផែនការបំផុសបំផុលប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល គឺមានគណបក្សនយោបាយមួយ មានជាប់ពាក់ព័ន្ធលើផែនការនេះ ដោយអ្នកដែលប្រព្រឹត្តិកំហុសទាំងនោះ បានចេញមកសារភាពជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បុគ្គលខ្លះកុំយកប្រទេសមួយ ពីរ មកធ្វើជាសហគមន៍អន្តរជាតិឱ្យសោះ។ ចំណែកបរទេសមួយចំនួនទៀត សូមគោរពលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ កុំគាំទ្របុគ្គលមួយក្រុមតូចហើយមិនគោរពសិទ្ធិសេរីភាព និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការបោះឆ្នោតនៅកម្ពុជានៅក្នុងអាណត្តិទី៧ ឆ្នាំ២០២៣នេះ គឺបានបង្ហាញពីជោគជ័យ នៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុប។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការចាកចេញរបស់សម្តេចពីតំណែងនាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេង ដើម្បីធានានិរន្តរភាព នៃសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការផ្ទេរអំណាចដល់អ្នកបន្តវេននាពេលនេះ គឺជាពេលវេលាដ៏ល្អបំផុត ដើម្បីធានានិរន្តរភាព និងស្ថិរភាពនយោបាយនៅកម្ពុជា គឺវាល្អជាងផ្ទេរពេលដែលយើងចាស់ ឬមរណភាព។
សម្តចេតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅបោះឆ្នោតគាំទ្រគនបក្សប្រជាជនកម្ពុជា ដែលមានចំនួន៨២,៣០ភាគរយ ក្នុងចំណោមអ្នកទៅបោះឆ្នោតសរុប៨៤,៥៨ភាគរយ ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កន្លងមក គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានដាក់ចេញសេនារីយ៉ូចំនួន២ ដោយសេនារីយ៉ូទី១ អ្នកចាស់នឹងឡើងកាន់អំណាចរយៈពេល១ ឬ២ឆ្នាំ ចាំផ្ទេរទៅអ្នកបន្តវេន និងសេនារីយ៉ូទី២ ឱ្យអ្នកបន្តវេនឡើងកាន់អំណាចពីដើមអាណត្តិតែម្តង ។ សេនារីយ៉ូទាំង២នេះ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានជ្រើសយកសេនារីយ៉ូទី២ គឺអនុញ្ញាតឱ្យអ្នកបបន្តវេនឡើងកាន់អំណាងពីដើមអាណត្តិតែម្តង។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំនាន់ចាស់មិនទាន់ចាកចេញពីវិស័យនយោបាយរបស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែមបន្តធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា ចំណែកមន្រ្ដីចាស់ៗមួយចំនួនទៀតក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយនេះដែរនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បើគ្មានការប្រែប្រួលទេ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើងតាំងពី ចុងខែធ្នូ ឆ្នាំ ២០២១ឯណោះ ដែលនេះគឺជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា សម្ដេចនឹងមិនព្យាយាមធ្វើឱ្យប៉ះពាល់ដល់ការដឹកនាំរបស់នាយករដ្ឋមន្រ្ដី ឬគណៈរដ្ឋមន្រ្ដីថ្មី នៅពេលឡើងកាន់អំណាចនោះទេ។ ប៉ុន្ដែបើនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីធ្វើខុសពីគោលការណ៍គណបក្សប្រជាជនកម្ពុជានោះនឹងត្រូវអញ្ជើញមកប្រជុំដោះស្រាយនៅវិមាន៧មករា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងសារទៅកាន់មន្រ្ដីនយោបាយទាំងឡាយថា ការដោះស្រាយគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺដោះស្រាយតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងនោះទេ។

















