អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ការចោទប្រកាន់មកលើរូបលោកពីបទសមគនិតដើម្បីបង្វែរលទ្ធផលឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០ នៅមុនពេលលោកបង្ហាញមុខនៅតុលាការ។
លោកបានសរសេរលើបណ្ដាញសង្គម ថា ការចោទប្រកាន់មិនធ្លាប់មានបែបនេះ បង្ហាញ ភាពពុករលួយ រឿងអាស្រូវ និងការបរាជ័យរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden។
សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រាប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ។

លោក Trump បានប្រឈមរួចទៅហើយចំពោះករណីចោទប្រកាន់ព្រហ្មទណ្ឌចំនួនករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការសម្រាប់ការដណ្ដើមតំណែងសេតវិមាននៅឆ្នាំក្រោយ។
ប៉ុន្តែករណីជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត ដែលលោកត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ ត្រូវបានមើលឃើញយ៉ាងច្បាស់ថាជាករណីធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបទចោទប្រកាន់ទាំងអស់ប្រមាណ៧៧ករណី។
នៅក្នុងលិខិតសរសេរជាអក្សរធំទាំងអស់ដែលបានបង្ហាញនៅលើបណ្ដាញសង្គម Truth របស់លោក កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump ដែលបានស្ថិតនៅទីក្រុង Bedminster រដ្ឋ New Jersey ដែលជាទីតាំងក្លឹបវាយកូនហ្គោលរបស់លោក បានថ្ងែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកដោយនិយាយថា ខ្ញុំពុំដែលទទួលបានការគាំទ្រច្រើនបែបនេះទេពីមុខមកទេ។
នៅក្នុងការបង្ហោះសារផ្សេងទៀតរបស់លោក លោកបានវាយប្រហារចំៗលើបេក្ខភាពប្រធានាធិបតី គូប្រជែង របស់លោក មកពីគណបក្សសាធារណរដ្ឋ ដូចជា អតីតអនុប្រធានាធិបតីរបស់លោក គឺ Mike Pence និងអភិបាលរដ្ឋ Florida លោក Ron DeSantis៕
