ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនគរបាលជាបន្តបន្ទាប់នៅទូទាំងរដ្ឋចំនួន៣ របស់ប្រទេសប្រេស៊ីល នៅក្នុងសប្តាហ៍ដ៏បង្ហូរឈាម ដោយប្រទេសនេះ មានកេរ្តិ៍ឈ្មោះដោយសារអំពើហិង្សារបស់នគរបាល។

មនុស្ស១០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការរបស់នគរបាលស៊ីវិល និងយោធា ប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀនចូលទៅក្នុងតំបន់ប្រជុំជន Penha favela ក្នុងទីក្រុង Rio de Janeiro កាលពីព្រឹកថ្ងៃពុធ។
នៅរដ្ឋ Bahia ភាគឦសាន មនុស្ស១៩នាក់ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ នៅចន្លោះថ្ងៃសុក្រដល់ថ្ងៃច័ន្ទ ក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលយោធានៅក្នុងរដ្ឋធានីរដ្ឋ Salvador និងទីក្រុងមួយចំនួនទៀតនៅក្បែរនោះ។
ជាមួយគ្នានេះ ក្រុមអាជ្ញាធររដ្ឋក្នុងទីក្រុងសាវ ប៉ូឡូ បានបញ្ជាក់កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីប្រតិបត្តិការនគរបាលដែលកំពុងបន្តនៅក្នុងតំបន់ Baixada Santista បានកើនឡើងដល់ ១៦នាក់ហើយ ដែលធ្វើឲ្យនោះជាប្រតិបត្តិការដ៏សាហាវបំផុតមួយដែលមិនធ្លាប់ធ្វើឡើងដោយនគរបាលសៅប៉ូឡូ។

នគរបាលនិយាយថា រហូតមកដល់ពេលនេះ ពួកគេបានចាប់ខ្លួនមនុស្សចំនួន៥៨នាក់ និងរឹបអូសបានថ្នាំញៀន ៤០០គីឡូក្រាម ព្រមទាំងអាវុធចំនួន១៨ដើម។
អង្គការសិទ្ធិមនុស្សបានរិះគន់សកម្មភាពរបស់នគរបាលនៅក្នុងតំបន់ Baixada Santista ថាជាការសម្លាប់រង្គាល ដែលជំរុញដោយការសងសឹក ខណៈដែលអ្នកស្រុកបានរាយការណ៍ពីការគំរាមកំហែង និងករណីនៃការធ្វើទារុណកម្មនៅទីនោះផងដែរ៕