ហៃទី៖ កូនស្រីអាយុ៩ខែរបស់នាងម៉ារី មីឈែល ចូសេហ្វ(Marie Michelle Joseph) មានសភាពទន់ខ្សោយនិងគ្រុនរហូត។ បន្ទាប់ពីត្រូវបានយកចេញពីមន្ទីពេទ្យធំរបស់ប្រទេសហៃទី កូនស្រីរបស់នាងឈ្មោះ Myleisha ត្រូវបានទទួលចុងក្រោយនៅមន្ទីពេទ្យ Fontaine (ហ្វុងតែន) ជាមន្ទីរពេទ្យឧបត្ថមដោយអង្គការ UNICEF នៅក្នុងរដ្ឋធានីព័រអូប្រាំង នៅក្នុងតំបន់មួយដែលក្រុមគ្រួសាររបស់នាងគិតថា គ្មានសុវត្ថិភាពដើម្បីទៅសួរសុខទុក្ខ។
ផ្នែកធំៗរបស់ប្រទេសហៃទី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់ ជាក្រុមតែងតែបង្កសង្គ្រាមបណ្តាលឲ្យជីវិតរស់នៅរបស់ប្រជាជន និងបុគ្គលិកផ្តល់ជំនួយស្ថិតក្នុងហានីភ័យ។ ក្រុមហ៊ុនផលិតស្បៀងអាហារពុំអាចដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ទីកន្លែងនានា ដែលត្រូវការជំនួយខ្លាំងបំផុតនោះទេ។

យោងតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា វិបត្តិបានធ្វើឲ្យកុមារ ជាង១សែននាក់ នៅក្នុងប្រទេសហៃទីជួបបញ្ហាប្រឈមនឹងការអត់អាហាររហូតដល់ស្លាប់។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ជិតពាក់កណ្តាលនៃប្រជាជនហៃទី ប្រជាជនប្រមាណ៤,៩លាននាក់ កំពុងជួបភាពអត់ឃ្លាន។
ប៉ុន្តែកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយកាលពីខែមុនថាអង្គការនេះ ត្រូវបានបង្ខំឲ្យកាត់បន្ថយការផ្តល់ជំនួយស្បៀងអាហារបន្ទាន់កាលពីខែកក្កដាមកកាន់ប្រទេសនេះចំនួន២៥ភាគរយ បើប្រៀបធៀបទៅនឹងខែមុនដោយសារតែមូលនិធិថយចុះជាបន្តបន្ទាប់ ខណៈនៅក្នុងខែមិថុនា អង្គការ UNICEF បាននិយាយថា ខ្លួនបានទទួលត្រឹមតែ១៥ភាគរយនៃមូលនិធិដែលខ្លួនត្រូវការសម្រាប់ប្រតិបត្តិការនៅប្រទេសហៃទីនៅឆ្នាំនេះ៕
