អាហ្រ្វិក៖ ប្លុកតំបន់អាហ្រ្វិកខាងលិច ECOWAS បានបញ្ជូនគណៈប្រតិភូទៅប្រទេសនីហ្សេ កាលពីថ្ងៃពុធ (ទី២ ខែសីហា) ដើម្បីចរចាជាមួយមន្ត្រីយោធា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារ កាលពីសប្តាហ៍មុន ខណៈប្រមុខការពារជាតិ ក្នុងតំបន់ បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅប្រទេសជិតខាងនីហ្សេរីយ៉ា។
សហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច ហៅកាត់ថា ECOWAS បានដាក់ទណ្ឌកម្មលើប្រទេសនីហ្សេ ហើយបាននិយាយថា ប្លុកអាចអនុញ្ញាតឲ្យមានការប្រើប្រាស់កម្លាំង ប្រសិនបើមេដឹកនាំរដ្ឋប្រហារមិនប្រគល់តំណែងដល់ប្រធានាធិបតីជាប់ឆ្នោតលោក Mohamed Bazoum វិញ ក្នុងរង្វង់មួយសប្តាហ៍ ចាប់ពីថ្ងៃអាទិត្យសប្ដាហ៍មុន។
លោក Abdel-Fatau Musah ស្នងការ ECOWAS ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខបាននិយាយថា៖ «ការប្រើកម្លាំងយោធា គឺជាជម្រើសចុងក្រោយបំផុត ដែលត្រូវបានលើកមកពិភាក្សា ពោលគឺជាមធ្យោបាយចុងក្រោយ ប៉ុន្តែយើងត្រូវរៀបចំ ដើម្បីត្រៀមសម្រាប់ហេតុការណ៍ណាមួយ ដែលកើតឡើងជាយថាហេតុ»។ លោកបានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងអាប៊ូហ្សា (Abuja) របស់ប្រទេសនីហ្សេរីយ៉ាថា៖ «វាមានភាពចាំបាច់ ក្នុងការបង្ហាញថា យើងមិនអាចត្រឹមតែនិយាយប៉ុណ្ណោះទេ ប៉ុន្តែអាចនឹងអនុវត្តជាក់ស្ដែង»។
លោក Musah បានបន្ថែមថា គណៈប្រតិភូទៅកាន់ប្រទេសនីហ្សេរី កំពុងត្រូវបានដឹកនាំដោយអតីតមេដឹកនាំយោធានីហ្សេរីយ៉ា លោក Abdulsalami Abubakar ដែលត្រូវបានគេរំពឹងថា មានវត្តមាននៅក្នុងទីក្រុងនីញ៉ាម៉េ (Niamey) នាថ្ងៃពុធនោះ ដើម្បីចាប់ផ្តើមកិច្ចចរចាជាមួយរដ្ឋាភិបាលយោធា។ តែយ៉ាងណាក្ដី ព័ត៌មានលម្អិតផ្សេងទៀតអំពីបេសកកម្មនេះ នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ដដែល ខណៈដែលលោក Amos Lungu អ្នកនាំពាក្យគណៈកម្មការ ECOWAS មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Al Jazeera នោះឡើយ។
សូមបញ្ជាក់ថា រដ្ឋាភិបាលយោធា នៅប្រទេសនីហ្សេ ត្រូវបានដឹកនាំដោយអតីតមេអង្គរក្សការពារប្រធានាធិបតីរបស់លោក Bazoum គឺលោកឧត្តមសេនីយ៍ Abdourahmane Tchiani ដែលបានឃុំលោក Bazoum នៅក្នុងវិមានរបស់លោកផ្ទាល់ កាលពីថ្ងៃទី២៦ ខែកក្កដា និងដែលក្រោយមក បានប្រកាសថា ខ្លួនឯងជាប្រមុខរដ្ឋ៕


