កាណាដា៖ នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Justin Trudeau និងភរិយារបស់លោក លោកស្រី Sophie Grégoire Trudeau (សូហ៊្វី ហ្គ្រេហ្គ័រ ទ្រូដូ) បានប្រកាសរួមគ្នាកាលពីថ្ងៃពុធថា គូស្វាមីភរិយាទាំងពីរនឹងលែងលះគ្នា បន្ទាប់ពីការសន្ទនាដ៏លំបាកនិងមានអត្ថន័យជាច្រើន។
លោកនាយករដ្ឋមន្ត្រី បានសរសេរនៅក្នុងសេចក្តីប្រកាសនៅលើបណ្តាញ Instagram ថា ដូចធម្មតា យើងនៅតែជាគ្រួសារជិតស្និទ្ធដោយក្តីស្រលាញ់ដ៏ជ្រាលជ្រៅ និងការគោរពគ្នា និងសម្រាប់អ្វីៗគ្រប់យ៉ាង ដែលយើងបានសាង និងបន្តសាង។
លោកនិយាយថា សម្រាប់ការរស់នៅរបស់កូនៗ យើងបានស្នើសុំឲ្យគោរពភាពឯកជនភាពរបស់យើង និងរបស់ពួកគេ។ ការបែកបាក់គ្នានេះកើតមានឡើងបន្ទាប់ពីអាពាហ៍ពិពាហ៍រយៈពេល១៨ឆ្នាំ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មានរ៉យទ័រថា គូស្វាមីភរិយាទាំងពីរមានកូន៣នាក់។ ពួកគេបានធ្វើការងារដើម្បីធានាថា វិធានការផ្លូវច្បាប់និងសីលធម៌ ផ្អែកលើការសម្រេចចិត្តរបស់ពួកគេក្នុងការបែកបាក់គ្នា ហើយនឹងបន្តធ្វើដូច្នេះរហូត។
ឪពុកម្តាយទាំងសងខាង នឹងទទួលរក្សាការរស់នៅរបស់កូនៗពួកគេ ហើយប្រជាជនកាណាដាអាចរំពឹងថា នឹងមើលឃើញក្រុមគ្រួសារនេះនៅជាមួយគ្នាជាធម្មតា។ ក្រុមគ្រួសារនេះនឹងនៅរួមគ្នានៅថ្ងៃសម្រាកវិស្សមកាល ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។
លោកស្រី Sophie Grégoire Trudeau ជាអតីតអ្នកសារព័ត៌មានផ្នែកកំសាន្ត គឺជាមិត្តរួមថ្នាក់របស់ប្អូនប្រុសលោក Justin ឈ្មោះ Michel( មីស្ហែល)៕


