ហ្គាហ្សា៖ សំឡេងហ៊ោកញ្ជ្រៀវ និងកញ្ចែបានលាន់លឺរំពងនៅទូទាំងទីក្រុងហ្គាហ្សានៅព្រឹកព្រលឹមថ្ងៃសុក្រ ត្រូវនឹងយប់ថ្ងៃព្រហស្បតិ៍ម៉ោងសកល ខណៈបទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសបានចូលជាធរមាន។
នៅទូទាំងតំបន់ហ្គាហ្សា ប្រជាពលរដ្ឋបាននាំគ្នាទៅកាន់តាមដងផ្លូវនានា ដើម្បីអបអរសាទរការបញ្ចប់អរិភាព បន្ទាប់ពីជម្លោះរយៈពេល ១១ថ្ងៃដែលបានបណ្ដាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ បទឈប់បាញ់នេះបានចាប់ផ្ដើមនៅម៉ោង ២០និង០០នាទីត្រូវនឹងម៉ោង ២៣និង០០នាទីថ្ងៃព្រហស្បតិ៍ម៉ោងសកល បន្ទាប់ពីទាំងភាគីអ៊ីស្រាអែល និងក្រុមហាម៉ាស់បានទទួលយកសំណើរបស់អេហ្ស៊ីបដើម្បីបញ្ចប់អំពើហិង្សា។ យោងតាមក្រសួងសុខាភិបាលហ្គាហ្សាឲ្យដឹងថា ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់ ២៣០នាក់បានស្លាប់រួមទាំងកុមារ ៦៥នាក់ និងស្ត្រី ៣៩នាក់អំឡុងជម្លោះ ខណៈដែលមានមនុស្ស ១,៧១០នាក់រងរបួស។ មនុស្ស ១២នាក់បានស្លាប់នៅអ៊ីស្រាអែល រួមទាំងក្មេងប្រុសអាយុ ៥ឆ្នាំ និងក្មេងស្រីអាយុ ១៦ឆ្នាំបានស្លាប់។ ទាំងអ៊ីស្រាអែល ទាំងក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានទទួលយកកិច្ចព្រមព្រៀងសម្របសម្រួលឲ្យមានបទឈប់បាញ់ ដោយប្រទេសអេហ្ស៊ីបនៅម៉ោង ២និង០០នាទីថ្ងៃសុក្រម៉ោងនៅមជ្ឈិមបូព៌ា ដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាមរយៈពេល ១១ថ្ងៃ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានប្រកាសថា គណៈរដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសន្តិសុខបានអនុម័តកាលពីរាត្រីថ្ងៃព្រហស្បតិ៍ លើបទឈប់បាញ់សម្របសម្រួលដោយអេហ្ស៊ីបជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ ការសម្រេចចិត្តនេះមានឡើងបន្ទាប់ពីការពិភាក្សារយៈពេល ២ម៉ោងកន្លះ និងបានអនុម័តជាឯកច្ឆ័នដោយក្រុមរដ្ឋមន្ត្រី នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល៕
អត្ថបទ៖ សុខមាន