ឥណ្ឌា៖ ចរាចរណ៍មានភាពធូរស្រាលជាងធម្មតាកាលពីថ្ងៃពុធ (២ សីហា) ហើយផ្លូវមួយចំនួនមិនមានមនុស្សម្នា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Gurugram ភាគខាងត្បូងនៃរដ្ឋធានីញូវដែលី្លរបស់ឥណ្ឌា ខណៈដែលក្រុមអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នាពីរថ្ងៃនៃក្រុមអ្នកសាសនាហិណ្ឌូ-ពលរដ្ឋមូស្លីម នៅក្នុងតំបន់នេះ បានកើនឡើងដល់៧នាក់ហើយ។

អំពើហឹង្សាបានផ្ទុះឡើងក្នុងអំឡុងពិធីដង្ហែសាសនាដោយពួកហិណ្ឌូនៅក្នុងសង្កាត់ Nuh ដែលគ្រប់គ្រងដោយពលរដ្ឋមូស្លីមកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងបុគ្គលិកនគរបាលពីរនាក់ និងប្រហែល៦០នាក់ បានរងរបួស។
ភាពចលាចលបានរាលដាលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Gurugram ដែលនៅជិតខាងនោះកាលពីយប់ថ្ងៃច័ន្ទ និងបន្តរហូតដល់ថ្ងៃអង្គារ ដោយវិហារអ៊ីស្លាមមួយត្រូវបានដុត ហើយបព្វជិតរបស់វិហារម្នាក់បានស្លាប់ផងដែរ។
បណ្ដាហាង និងភោជនីយដ្ឋានជាច្រើនត្រូវបានកម្ទេច ឬដុតបំផ្លាញ។ អ្នកស្រុកមួយចំនួនក្នុងទីក្រុងបានភៀសខ្លួននិយាយថា ពួកគេបានប្រឈមមុខនឹងការគំរាមកំហែង៕
