នីហ្សេ៖ ការផ្តួលរំលំប្រធានាធិបតីដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេ កាលពីថ្ងៃទី២៦ ខែកក្កដា កំពុងធ្វើឱ្យមានហានិភ័យដល់បេសកកម្មប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្រ្វិកជាច្រើន ហើយបានចោទជាសំណួរអំពីសមត្ថភាពរបស់អាមេរិកក្នុងការអនុវត្តប្រតិបត្តិការយោធានៅក្នុងតំបន់នោះ។
សហរដ្ឋអាមេរិក និងបារាំងបានថ្កោលទោសការដណ្តើមអំណាចរបស់យោធា ដែលដឹកនាំដោយលោក Abdourahamane Tchiani ដែលជាមេដឹកនាំថ្មីស្វ័យប្រកាសរបស់នីហ្សេ។ បណ្តាប្រទេសនៅអាហ្វ្រិកខាងលិចមួយក្រុមកាលពីថ្ងៃទី៣០ ខែកក្កដា បានដាក់ទណ្ឌកម្ម និងថែមទាំងបានគំរាមកំហែងប្រើប្រាស់កម្លាំង ប្រសិនបើអំណាចរបស់ប្រធានាធិបតីនីហ្សេលោក Mohammad Bazoum មិនត្រូវបានស្ដារឡើងវិញទេនោះ។
មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា របបយោធាដែលដណ្តើមបានការគ្រប់គ្រងនោះ កំពុងថយក្រោយ ហើយការព្រួយបារម្ភបានកើនឡើងព្រោះថា រុស្ស៊ីអាចនឹងព្យាយាមទាញយកផលប្រយោជន៍ពីភាពចលាចលនេះ។ សម្រាប់ពេលនេះ សហរដ្ឋអាមេរិកបានផ្អាកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសនីហ្សេ ខណៈដែលបុគ្គលិកអាមេរិកភាគច្រើនកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
សហរដ្ឋអាមេរិកនិយាយថា ខ្លួននៅតែរក្សាក្តីសង្ឃឹមថាអំណាចរបស់លោក Bazoum អាចត្រូវបានស្ដារឡើងវិញ ហើយក្រុមមន្ត្រី និងអ្នកវិភាគរបស់សហរដ្ឋអាមេរិកជាច្រើនបាននិយាយថា ស្ថានភាពនីហ្សេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ៕

