
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដាំផ្ញើដល់គណៈរដ្ឋមន្រ្ដីថ្មី ត្រូវមើលថែមន្រ្ដីចាស់ៗ ដែលកំពុងបម្រើការនៅក្នុងក្រសួង ស្ថាប័ន ក្រោយការតែងតាំងគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧នេះ ខណៈមន្រ្ដីនយោបាយនានា គឺនៅបន្តមុខតំណែងដដែលមិនត្រូវបានផ្លាស់ប្ដូរឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំផ្ញើបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ បញ្ជាក់ថា ការប្ដូរគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺប្ដូរតែតំណែងនាយករដ្ឋមន្រ្ដី ឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមានការប៉ះពាល់ដល់មន្រ្ដីនយោបាយផ្សេងៗ ដែលមានតួនាទីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬមន្រ្ដីថ្នាក់ក្រោមផ្សេងទៀតនោះទេ។
បើតាមការបញ្ជាក់របស់សម្ដេចតេជោ សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើងតាំងពី ចុងខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដែលការរៀបចំនេះជាផែនការច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាល និងប្រទេសកម្ពុជា ឱ្យមានសន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍទៅមុខជានិច្ច៕អត្ថបទ៖ វ៉ន ដារ៉ា